ភ្នំពេញ ៖ ស្ត្រីម្នាក់ដឹកដៃកូនមកប្តឹងនគរបាលប៉ុស្ដិ៍ចោមចៅឲ្យជួយអន្តរាគមន៍ទាំងខ្លួនបែកក្បាលហូរឈាមពេញមុខ ខណៈដែលប្តីហេងស៊យរបស់គាត់មានស្រីចុះចោលគាត់ម្តងហើយម្តងទៀតហើយចុងក្រោយគវាយគាត់នឹងមេសោរងរបួសធ្ងន់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩យប់ថ្ងៃទី ២៩ ខែឆ្នាំ ២០១៦ នៅចំណុចផ្សារចោមចៅ ស្ថិតក្នុងភូមិថ្នល់បំបែកសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
ស្ត្រីរងគ្រោះខាងមានឈ្មោះ យឿង សុផលអាយុ៣១ឆ្នាំ មានមុខរបរកម្មកររោងចក្រ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅស្រុកស្នួល ខេត្តក្រចេះមានកូនស្រីម្នាក់អាយុ៧ឆ្នាំ។ចំណែកឯប្តីគាត់ឈ្មោះ រិន ទ្រី អាយុ ៣១ឆ្នាំ មុខរបរជាងកាត់សក់បានចុះចេញពីប្រពន្ធទៅនៅជាមួយស្រីថ្មីរយៈពេល២ខែមកហើយ។
តាមសម្ដីរៀបរាប់របស់ស្ត្រីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈរូបគាត់កំពុងអង្គុយហូបបាយស្រាប់តែឃើញប្តីរបស់គាត់មក ផ្ទះហើយគាត់បានទៅរាក់ទាក់ជាប្តីធម្មតា នឹងបានអង្វរប្តីឲ្យមករស់នៅជាមួយគាត់វិញ តែប្តីមិនព្រម។ផ្ទុយទៅវិញប្តីថែមទាំងបានសុំលុយគាត់ខ្លះដើម្បីយកទៅរួមរស់ជាមួយប្រពន្ធថ្មី តែគាត់មិនឲ្យ ក៏បង្កទៅជាជម្លោះ ប្រតាយប្រតប់គ្នាហើយភ្លាមនោះប្តីបានស្ទុះទៅយកមេសោមកវាយចំក្បាលរបស់គាត់បណ្តាលឲ្យបែកឈាមស្រោចពេញមុខទៀតផង ។
ស្ត្រីរងគ្រោះបានប្រាប់ឲ្យដឹងទៀតថា ប្តីរបស់គាត់នេះធ្លាប់ចុះចោលគាត់និងកូន ពីរលើកមកហើយនឹងធ្លាប់បានធ្វើកិច្ចសន្យា ២ដងរួចមកហើយដែរគឺលើកទី១នៅសង្កាត់ស្ទឹងមានជ័យ និងលើកទី២នៅខេត្តក្រចេះ ដោយសន្យាថាបើប្តីគាត់មានស្រីទៀត ប្តីគាត់នឹងចុះចេញដោយខ្លួនទទេ ពោលមិនទាមទារទ្រព្យសម្បត្តិអ្វីទាំងអស់។
ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះបានដឹកដៃកូនស្រីទាំងខ្លួនមានរបួសមកកាន់ ប៉ុស្តិ៍នគរបាលចោមចៅ មិនមែនមកដាក់ពាក្យបណ្តឹងទេ គឺមកដើម្បីសុំធ្វើលិខិតលែងលះគ្នា តែសមត្ថកិច្ចបានណែនាំថា ប៉ុស្តិនគរបាលមិនមែនជាកន្លែងសុំលែងលះគ្នានោះទេ កន្លែងគាត់គឺសំរាប់ទទួលពាក្យបណ្តឹងនឹងអន្តរាគមន៍បទល្មើសជាក់ស្តែងចាប់មកផ្តន្ទាទោសតែប៉ុណ្តោះ នឹងបានឲ្យហើយស្ត្រីរងគ្រោះទៅព្យាបាលរបួសសិនទៅ ចាំស្អែកមកដោះស្រាយនៅសាលាសង្កាត់ចោមចៅវិញ៕ ប្រាថ្នា