ព័ត៌មានទាន់ហេតុការណ៍៖

តុលាការលើកពេលប្រកាសសាលក្រមកញ្ញាពេជ្ររីហ្សាព្រោះដើមបណ្តឹងអវត្តមាន

ចែករំលែក៖

ខេត្តព្រសីហនុ ៖ នៅនាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០១៦ សាលាដំបូងខេត្តព្រះសីហនុ ក្រោមវត្តមាន លោក ញ៊ឹម វិសាល ចៅក្រម ស៊ើបសួរសាលាដំបូង ខេត្តព្រះសីហនុ និង លោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាអយ្យ ការសាលាដំបូងខេត្តបានបើកសវនការ លើសំណុំរឿងព្រហ្មទណ្ឌលេខ៥៦៩ ដែល មានជនជាប់ចោទឈ្មោះ គាង ហេង ភេទ ប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិ ៣ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ ដែលបានប្រើអំពើហឹង្សាដោយចេតនាទៅលើស្ត្រីរងគ្រោះឈ្មោះ សុខ ម៉ី ហៅ (ពេជ្រ រីហ្សា)ជាតារាចំរៀងនិងសម្តែងខារ៉ាអូខេដែលបាន ប្រព្រឹត្តនៅក្លិបកម្សាន្ត អិល វី កាលពីយប់ ថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៦ កន្លងទៅ ។

នៅក្នុងបន្ទប់សវនការ គេសង្កេតឃើញ មានវត្តមានជនជាប់ចោទ គាង ហេង និង សមត្ថកិច្ចអនុរក្សពន្ឋនាគារ និងមេធាវីការពារក្តីឲ្យជនជាប់ចោទក្នុងសំណុំរឿងខាងលើ ។ ដោយឡែកស្ត្រីរងគ្រោះ សុខ ម៉ី ហៅ (ពេជ្រ រីហ្សា) ដែលជាតារាពូកែខាងសម្តែងចម្រៀងកាយវិការ និងពូកែខាង សម្តែងតួក្នុងរឿងជម្លោះ មិនមានមុខនៅ ក្នុងបន្ទប់សវនការទេ មានតែសាច់ញាតិ មកចូលរួមស្តាប់ក្នុងសវនការ ដើម្បីឈាន ទៅប្រកាសសាលក្រមស្ថាពរតែប៉ុណ្ណោះ ។

នៅក្នុងសវនការខាងលើនេះ លោក ចៅក្រមស៊ើបសួរនិងលោកស្រីព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តព្រះសីហនុបានចោទសួរទៅតាមកំណត់ហេតុសួរ ចម្លើយរបស់សមត្ថកិច្ចជំនាញយ៉ាងល្អិត ល្អន់ ដោយប្រើប្រាស់ពេលវេលាពេញមួយ ព្រឹក ។ យោងទៅតាមមាត្រានៃច្បាប់ព្រហ្មទណ្ឌលេខ២១៧ ដែលត្រូវផ្តន្ទាទោស ចំពោះជនជាប់ចោទពីបទបានប្រព្រឹត្តអំពើ ហិង្សាដោយចេតនាបង្កឲ្យមានរបួសស្នាម លើជនរងគ្រោះនិងត្រូវផ្តន្ទាទោសដាក់ពន្ឋនាគារ ពី១ឆ្នាំ ដល់៥ឆ្នាំ និងទទួលការផាកពិន័យជាប្រាក់ថែមទៀតផង ។ នៅចំពោះ មុខចៅក្រមស៊ើបសួរ និងលោកស្រីអយ្យ ការសាលាដំបូងខេត្ត ដោយមានក្រឡា បញ្ជីជាអ្នកកត់ត្រាលើសំណុំរឿងជនជាប់ ចោទខាងលើ បានសារភាពនៅចំពោះមុខ អង្គសវនការខាងលើថា រូបគេមិនបានវាយ តប់ទៅតាមកម្លាំងមនុស្សប្រុសនោះទេ គ្រាន់តែប្រតាយប្រតប់គ្នាទៅវិញទៅមក បន្តិចបន្តួច និងមានស្នាមដាច់រលាត់ដោយក្រចកដៃទៅលើផ្ទៃមុខតារាសម្តែង ។ ដោយឡែកស្នាមជាំនៅលើភ្លៅនាង គឺដោយសារតែពេលប្រតាយប្រតប់គ្នានោះ នាង ជ្រុលខ្លួនដួលដោយខ្លួនឯងទៅលើដីហើយមិនដឹងជាប៉ះជាមួយអ្វីដែលទើបបណ្តាល ទៅជាមានស្នាមជាំបែបនេះនោះ ។ ជនជាប់ ចោទបានបន្តទៀតថា ពួកគេទាំងពីរនាក់បានបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាអស់រយៈ ពេលជាង២ឆ្នាំមកហើយ ដោយមាន អាណាព្យាបាលទទួលស្គាល់ថា នឹងមាន គម្រោងរៀបអាពាហ៍ពិពាហ៍នាពេលដ៏ខ្លីខាងមុខនេះផង ។ ហើយបញ្ហាបណ្តាល ឲ្យមានរឿងបែបនេះកើតឡើងផ្តើមចេញ ពីការប្រច័ណ្ឌ របស់កញ្ញា សុខ ម៉ី ខណៈដែលពួកគេបានជិះរថយន្តមួយគ្រឿងមានគ្នា ៥ទៅ៦នាក់ កាលពីយប់ថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០១៦ ចូលទៅផឹកស្រាបៀរកម្សាន្ត នៅក្នុងក្លិប អិល វី ហើយ ស្រវឹងរៀងខ្លួន កញ្ញាដែលជាតារាសម្តែង ក៏ចាប់ផ្តើមកើត រោគប្រច័ណ្ឌថាខ្លួនជាជនជាប់ចោទ (គាង ហេង) ចេះតែសម្លឹងមុខនារីៗនៅក្នុងក្លិប ខាងលើ ក៏ផ្តើមទៅជាឈ្លោះប្រកែក ហើយ តារាសម្តែង សុខ ម៉ី បានគប់បំបែកកែវធ្វើ ឲ្យមានការភ្ញាក់ផ្អើលនៅក្នុងក្លឹប ។ ឃើញ ដូចនេះពួកគេក៏បបួលមិត្តភក្តិបែកគ្នាទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ លុះបើករថ យន្តមកដល់ផ្ទះកញ្ញាខាងលើនៅតែបន្ត ឈ្លោះប្រកែកគ្នាបន្ថែមទៀត និងបង្កការ ប្រតាយប្រតប់គ្នាធ្វើអោយមានស្នាមដាច់ រលាត់បន្តិចបន្តួចតែប៉ុណ្ណោះ តែញ្ញាសម្តែងបានកែច្នៃយកថ្នាំលាបអោយប្រឡាក់ ប្រតេកប្រតាកដូចជាមានស្នាមដាច់រលាត់ ធ្ងន់ធ្ងរ រួចថតរូបបង្ហោះតាមហ្វេសប៊ុកធ្វើ អោយជ្រួលច្របល់បង្កាត់ភ្លើងទៅជារឿង បែបនេះទៅវិញ ។ ហើយនៅចុងក្រោយ នាពេលថ្មីៗនេះកញ្ញាសម្តែងបានបញ្ជាក់ ជូនលោកមេធាវី ការពារក្តីជនជាប់ចោទថា នាងសុំដកពាក្យបណ្តឹង និងសំណូមពរសុំឲ្យតុលាការមេត្តាដោះលែងអនាគតស្វាមីនាង
ផង ដោយហេតុថាជនជាប់ចោទមានបញ្ហាសុខភាពជាខ្លាំង ខណៈត្រូវបានឃុំខ្លួនក្នុងពន្ឋនាគារ ព្រោះជនជាប់ចោទខាង លើជាមនុស្សវះកាត់យកប្រមាត់ចេញ សូម្បីតែពោះវៀនក៏ត្រូវបានតភ្ជាប់ជាកង់ៗដោយពោះវៀនជ័រដែរ ។

កញ្ញាបញ្ជាក់ទៀតថា កន្លងមកជនជាប់ចោទខាងលើតែងតែបានប្រើអំពើហិង្សា មកលើខ្លួនកញ្ញា ប្រមាណជាង១០ដង រួចមកហើយ ហើយការចោទប្រកាន់ខាង លើ គឺចង់ឲ្យសមត្ថកិច្ច និងស្ថាប័នច្បាប់ ឃាត់ខ្លួន ឃុំខ្លួនយកមកអប់រំឲ្យចេះកែប្រែខ្លួនព្រោះអនាគតជាស្វាមីល្អ និងទទួលបានសុភមង្គលក្នុងគ្រួសារតែប៉ុណ្ណោះ ។ ជាង នេះទៅទៀត កញ្ញាបានទទូចស្នើសុំ និងលើក ម្រាមដៃទាំង១០ សុំឲ្យស្ថាប័នតុលាការ មេត្តាជួយអនុគ្រោះ និងដោះលែងមកវិញចុះ ពេលនេះជនជាប់ចោទបានភ្លក់រសជាតិ និងបានស្គាល់ឯកសណ្ឋានជាពិរុទ្ឋជនពិតៗ ។

ទោះបីជាយ៉ាងណាសវនការខាងលើ មិនទាន់បានប្រកាសលទ្ឋផលយ៉ាងណានោះទេ លោកចៅក្រមស៊ើបសួរនិងលោកស្រីអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានជម្រាបជូនទៅមេធាវីការពារក្តីអោយជនជាប់ចោទ ត្រូវស្វែងរកកញ្ញារងគ្រោះ ខាងលើបានចូលខ្លួនមកតទល់មុខគ្នាជាមួយជនជាប់ចោទដែលត្រូវបានកំណត់ពេលសវនការសារជាថ្មី តាមការគ្រោងទុកគឺនៅ ថ្ងៃទី៣ ខែមករា ឆ្នាំ ២០១៧ ខាងមុខនេះ ដើម្បីបានស្តាប់ការបកស្រាយរបស់ជនរងគ្រោះ និងឈានដល់ការសន្និដ្ឋានប្រកាសសាលក្រមចូលទៅតាមនីតិវិធីច្បាប់ ៕ ឆ្លាម សមុទ្រ

 

img_4784 img_4782 img_4783


ចែករំលែក៖