ខេត្តប៉ៃលិន ៖ មានសេចក្តីរាយការណ៍យ៉ាងច្បាស់ចេញពីក្រុមការងារមន្រ្តីអភិរក្សសត្វព្រៃ និងព្រៃឈើតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត បានឱ្យដឹងកាលពីព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ ថា ព្រៃឈើនៅក្នុងដែនតំបន់អភិរក្សជាច្រើនកន្លែងជាប់នឹងស្រុកសំឡូត ខេត្តបាត់ដំបង ស្ថិតនៅក្នុងភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ត្រូវបានប្រជាពលរដ្ឋខិលខូច នាំគ្នាយកម៉ាស៊ីនត្រង់ស៊ីន័រ ទៅលួចកាប់ផ្តួលរំលំ ដើម្បីយកដីធ្វើជាកម្មសិទ្ធផ្ទាល់ ខ្លួន ដោយក្នុងនោះក៏មានមន្រ្តីកងរាជអាវុធហត្ថខេត្តប៉ៃលិនម្នាក់ចូលរួមផងដែរ ។
បើតាមប្រភពព័ត៌មានពីលោក ចាន់ សុជាតិ អនុប្រធានផ្នែកអនុវត្តន៍ច្បាប់ នៃមន្រ្តីអ ភិរក្សសត្វព្រៃ និងព្រៃឈើ តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត បានឱ្យដឹងកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃទី០២ ខែមករា នេះថា រហូតមកដល់ពេលនេះ ដើមឈើតូចធំជាច្រើនដើម នៅក្នុងដែនអភិរក្សសត្វព្រៃ ដែលក្រុមការងាររបស់លោកតែងតែខិតខំប្រឹងប្រែងយក ចិត្តទុកដាក់ ដើរល្បាត និងថែរក្សាមិនឱ្យប្រជាពលរដ្ឋណាម្នាក់ចូលទៅកាប់ទន្ទ្រានយកធ្វើជាដីកម្មសិទ្ធិនោះ ត្រូវបានប្រជាពលរដ្ឋខិលខូចមួយចំនួន រស់នៅតំបន់ស្លេវ ស្រុកសំឡូត ខេត្តបាត់ដំបង និងពលរដ្ឋរស់នៅក្នុងភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បាននាំគ្នាលួចយកម៉ាស៊ីនទៅកាប់រំលំរាប់សិបហិកតា ខណៈក្រុមការងាររបស់ខ្លួនសម្រាកនៅថ្ងៃបុ ណ្យទាន ឬថ្ងៃឈប់សម្រាក លុះដល់ថ្ងៃធ្វើការវិញ ពេលនាំគ្នាដើរល្បាតមើលក៏ឃើញដួលយ៉ាងរដូករណែលអស់រលីង គួរឱ្យសោកស្តាយតែម្តង ។
លោកបន្តទៀតថា ពេលខ្លះមន្រ្តីរ បស់លោកបានឮសម្លេងម៉ាស៊ីនកំពុងតែកាប់ឈើផ្តួលរំលំ លុះពេលទៅដល់ គេនាំគ្នារត់គេចខ្លួនអស់រលីង ហើយការកាប់បំផ្លាញព្រៃឈើនេះ ដោយមានមន្រ្តីរាជការមួយចំនួននៅពីក្រោយខ្នង ។ ម្យ៉ាងវិញទៀត អ្នកដែលចូលរួមកាប់ព្រៃតំបន់ការពារនោះ ក៏មានបុរសម្នាក់ ឈ្មោះ ស្រី ម៉ន ជានាយការិយាល័យគ្រប់គ្រងទិន្នន័យបទ
ល្មើសឧក្រិដ្ឋ និងបច្ចេកទេសវិទ្យាសាស្រ្ត នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន ជាអ្នកកាប់ព្រៃឈើនោះបានចំ នួន២ទៅ៣ហិកតាហើយផងដែរ ។
លោកបញ្ជាក់ទៀតថា នៅឆ្នាំមុន ២០១៦ បន្ទាប់ពីព្រៃឈើនៅតំបន់ការពារត្រូវគេលួ ចកាប់អស់ជាច្រើន ធ្វើឱ្យអាកាសធាតុរាំងស្ងួតយ៉ាងខ្លាំង ហើយក៏បណ្តាលឱ្យទឹកធ្លាក់ភ្នំខៀវរីងស្ងួតហួតហែង ធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ៃលិន មានការខ្វះខាតទឹកប្រើ ប្រាស់ ។ ដូច្នេះខាងលោកបានរៀបចំរបាយការណ៍ និងឈ្មោះប្រជាពលលរដ្ឋមួយចំនួន ព្រមទាំងមន្រ្តីកងរាជអាវុហត្ថខាងលើបញ្ជូនទៅមន្ទីរបរិស្ថានរួចរាល់អស់ហើយ ។
ចំណែកលោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន បានឱ្យដឹងថា ខាងលោក បានទទួលពាក្យបណ្តឹងពីមន្រ្តីអភិរក្សសត្វព្រៃ កាលពីប៉ុន្មានថ្ងៃកន្លងមកហើយ ពាក់ព័ន្ធនឹង ពលរដ្ឋលួចកាប់ព្រៃតំបន់អភិរក្ស ដោយក្នុងនោះមានឈ្មោះលោក ស្រី ម៉ន ជានាយការិយា ល័យគ្រប់គ្រងទិន្នន័យបទល្មើសឧក្រិដ្ឋ និង បច្ចេកទេសវិទ្យាសាស្រ្ត នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចូលរួមកាប់បំផ្លាញព្រៃឈើផងដែរ ។
លោកប្រធានមន្ទីរបរិស្ថានបានបន្តទៀតថា នៅថ្ងៃខាងមុខឆាប់ៗនេះ លោកនឹងកោះហៅអ្នកជាប់ពាក់ព័ន្ធមកឆ្លើយបំភ្លឺនៅ មន្ទីររបស់ខ្លួន ហើយនឹងរៀបចំសំនុំរឿង ដើម្បីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តឱ្យ ចាត់ការតាមនីតិវិធី ។
ពាក់ព័ន្ធនឹងបញ្ហានេះ ភ្នាក់ងារយើងបានទាក់ទងទៅលោក ស្រី ម៉ន នាយការិយា ល័យគ្រប់គ្រងទិន្នន័យបទល្មើសឧក្រិដ្ឋ និង បច្ចេកទេសវិទ្យាសាស្រ្ត នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីបំភ្លឺដែរ តែលោកបដិសេធថា អត់មានដឹងរឿងនេះទេ ហើយលោក ក៏អត់បានកាប់បំផ្លាញព្រៃឈើដូចការចោទរបស់មន្រ្តីអភិរក្ស និងខាងមន្ទីរបរិស្ថានឡើយ ៕ ស សារ៉េត