ខេត្តកោះកុង ៖ កាលពីរសៀល ថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ ប្រជាពលរដ្ឋជាង ១០០នាក់មកពីឃុំភ្ញីមាស និងឃុំកោះ ស្ដេច ក្នុងស្រុកគិរីសាគរ ខេត្តកោះកុង បាននាំគ្នាបិទផ្លូវតវ៉ា ករណីសន្តិសុខរបស់ ក្រុមហ៊ុនញូញៀនចាប់យកម៉ាស៊ីនត្រង់ សឺន័រ៣គ្រឿង ថែមទាំងដុតអត្តសញ្ញាណប័ណ្ណរបស់ពួកគាត់អស់ចំនួន៤សន្លឹកទៀត ។
ប្រជាពលរដ្ឋ បាននិយាយថា អ្នកដែល ដុតអត្តសញ្ញាណប័ណ្ណ និងដុតចានឆ្នាំង របស់ពួកគាត់នោះមានគ្នាចំនួន៥នាក់ ដែលដឹកនាំដោយឈ្មោះ គឹម លេង។ ក្រោយមកពួកគាត់បានទូរស័ព្ទទៅឈ្មោះ គឹម លេង នោះ ដើម្បីណាត់ជួបគ្នាដោះស្រាយពីបញ្ហាខាងលើ តែឈ្មោះ គឹម លេង ដែលអាងខ្នងបង្អែកជាក្រុមហ៊ុនចិន ញូញៀន មិនព្រមចេញមកជួបពួកគាត់នោះទេ ទើបពួកគាត់សម្រេចចិត្តធ្វើការបិទផ្លូវតវ៉ាតែ ម្តង ។
ប្រភពដដែលបន្តថា ពួកគាត់អារឈើ នៅក្នុងដីរបស់ពួកគាត់ដែលរាជរដ្ឋាភិបាលបានចែកឲ្យមិនមែនអារឈើនៅលើដីក្រុមហ៊ុនចិននោះឡើយហេតុអ្វីបានជាសន្តិសុខក្រុមហ៊ុន នាំគ្នាមកដុតកម្ទេចទ្រព្យសម្បត្តិ របស់ពួកគាត់ ព្រមទាំងចាប់យកម៉ាស៊ីនត្រង់សឺន័រ៣គ្រឿងយកទៅទៀត?
លោក ឃឹម ចាន់ឌី អភិបាលស្រុក គិរីសាគរបានឲ្យដឹងថា លោកបានហៅ ប្រជាពលរដ្ឋ និងតំណាងក្រុមហ៊ុនចិន មកជួបគ្នា នៅសាលាឃុំភ្ញីមាសហើយ ដើម្បីសងម៉ាស៊ីនត្រង់សឺន័រ និងអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋវិញ។ លោក ក៏បានសន្យាថា នឹងធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋទាំង៤នាក់វិញ ដែលខាងភាគី ក្រុមហ៊ុនបានដុតចោលនោះ ។ លោក អភិបាលស្រុក ក៏បានឲ្យប្រជាពលរដ្ឋធ្វើកិច្ចសន្យា ដើម្បីបញ្ឈប់ការប្រព្រឹត្តបទល្មើស កាប់ព្រៃឈើ និងបិទផ្លូវសាធារណៈបែប នេះតទៅទៀត ៕ ហេង សូរិយា