ព័ត៌មានទាន់ហេតុការណ៍៖

ប្រតិបត្តិការដើមឆ្នាំ២០១៧ ចាប់មុខសញ្ញាចែកចាយថ្នាំញៀន ៤នាក់ដកហូតបានថ្នាំញៀនជាង៤០០កញ្ចប់

ចែករំលែក៖

ខេត្តកណ្តាល៖ មុខសញ្ញាចែកចាយថ្នាំញៀនចំនួន៤នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខេត្តកណ្តាល ចាប់ខ្លួនបានជាបន្តបន្ទាប់ នៅ៤គោលដៅផ្សេងគ្នា ក្នុងនោះប្រតិបត្តិការចូលទៅក្នុងរាជធានីភ្នំពេញចំនួន១ទីតាំង ដោយមានកិច្ចសហការពីកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា ដោយឡែកនារី៣នាក់ទៀត ដែលត្រូវបានឃាត់ខ្លួនក្នុងរង្វង់ប្រតិបត្តិការ  ពេលនេះអប់រំអោយត្រឡប់ទៅផ្ទះវិញ ព្រោះនារីទាំង៣នាក់នេះ អាចនិយាយបានថាជាជនរងគ្រោះ ដោយសារក្រុមចែកចាយថ្នាំនេះ ជាការបញ្ជាក់របស់លោកវរៈសេនីយ៍ឯកទូច អ៊ីណាន មេបញ្ជាការរងខេត្ត ជាប្រធានមន្ទីរស្រាវជ្រាវ និងយុត្តិធម៍នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល  ។

ជនសង្ស័យទាំង៤នាក់ជាប់ពាក់ព័ន្ធករណីចែកចាយថ្នាំញៀនត្រូវបានកម្លាំងកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាលធ្វើការបង្ហាញមុខជាសាធារណៈកាលពីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ នៅក្នុងបរិវេណទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរួមជាមួយវត្ថុតាងថ្នាំញៀន ៥កញ្ចប់ធំ មានទម្ងន់ ៣៤,៣៤ ក្រាម បើវេចខ្ចប់ជាកញ្ចប់តូចជាង ៤០០កញ្ចប់តូច ,ជញ្ជីងថ្លឹងមួយ និងសម្ភារៈសម្រាប់វេខ៊ចខ្ចប់មួយចំនួនទៀត ។

ជនសង្ស័យទាំង៤នាក់ជាប់ពីបទចែកចាយថ្នាំញៀនមាន: ១-ឈ្មោះឆោម ដារា ភេទប្រុស អាយុ២៦ឆ្នាំ គ្មានមុខរបរពិតប្រាកដ មានទីលំនៅផ្ទះជួល ភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល , ២-ឈ្មោះ សាង ស៉ីថា ភេទប្រុស អាយុ៣៥ឆ្នាំ គ្មានមុខរបរពិតប្រាកដ មានទីលំនៅបន្ទប់ជួលម្តុំសួនឧស្សាហកម្មកាណាឌីយ៉ា ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ,៣-ឈ្មោះហោ ឌីណា ភេទប្រុស អាយុ២៣ឆ្នាំ គ្មានមុខរបរ និងទីលំនៅមិនពិតប្រាកដ និងទី៤-ឈ្មោះហុក ស្រីថា ហៅដា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរជាជាងអ៊ុតសក់ យីហោអានី មានទីតាំងនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

លោកវរៈសេនីយ៍ទោទូច អ៊ីណាន មេបញ្ជាការរងកងរាជ អាវុធហត្ថខេត្តកណ្តាលបានអោយដឹងថា អនុវត្តតាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តសេនីយ៍ត្រីសំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល កម្លាំងរបស់មន្ទីរយុត្តិធម៍ខេត្តបានបើកប្រតិបត្តិការបង្ក្រាបមុខសញ្ញាចែកចាយថ្នាំញៀននៅ៤ទីតាំងផ្សេងគ្នាដោយចាប់ខ្លួនបានជាបន្តបន្ទាប់ ហើយប្រតិបត្តិការនេះមានការសម្របសម្រួលពីស្ថាប័នអយ្យការ និងមានការសហការពីកម្លាំងកងរាជអាវុធហត្ថនៅគ្រប់គោលដៅដែលត្រូវចុះបង្ក្រាប ក្នុងនោះនៅភូមិសាស្ត្រខេត្តកណ្តាលបង្ក្រាប ចំនួន៣ករណីនិងពន្លាតដែនប្រតិបត្តិការចូលទៅរាជធានីភ្នំពេញចំនួន១ករណី ។ ជាលទ្ធផលកម្លាំងចម្រុះរឹបអូសបានថ្នាំញៀនចំនួន៥កញ្ចប់ធំ ស្មើនិង៣៤,៣៤ក្រាម បើបំបែកជាកញ្ចប់តូចៗវិញជាង៤០០កញ្ចប់ , ជញ្ជីងថ្លឹងមួយ និងសម្ភារៈសម្រាប់វេចខ្ចប់ជាច្រើនទៀត ។

លោកមេបញ្ជាការបានបន្ត នៅក្នុងពេលប្រតិបត្តិការចំនួន៣ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនមនុស្សចំនួន៧នាក់,ស្រី៤នាក់ពាក់ព័ន្ធនិងថ្នាំញៀនយកមកសាកសួរ បន្ទាប់ពីសាកសួរយកចម្លើយចប់រកឃើញថា អ្នកជាប់ពាក់ព័ន្ធពិតប្រាកដក្នុងមុខរបររកស៉ីចែកចាយថ្នាំញៀនមានតែ៤នាក់ប៉ុណ្ណោះគឺប្រុស៣,ស្រីម្នាក់ ដោយឡែកនារី៣នាក់ទៀតមិនមានជាប់ពាក់ព័ន្ធជាមួយក្រុមជនជួញដូថ្នាំញៀននោះទេ តែនៅរង្វង់ប្រតិបត្តិការត្រូវតែឃាត់ខ្លួនយកមកសាកសួរទាំងអស់ ។

លោកមេបញ្ជាការរងបានបន្តទៀតថា បន្ទាប់ពីរកឃើញថាមិនមានជាប់ពាក់ជាមុខសញ្ញាចែកចាយថ្នាំរួចមក នារីទាំង៣នាក់ត្រូវសមត្ថកិច្ចអោយត្រឡប់ទៅផ្ទះបន្ទាប់ពីមានការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងអនុវត្តទៅតាមបទបញ្ជាលេខ០១របស់រាជរដ្ឋាភិបាលស្តីពីការបង្ក្រាបគ្រឿងញៀនក្នុងក្របខណ្ឌទូរទាំងប្រទេស ចំណែកជនសង្ស័យ៤នាក់ពាក់ព័ន្ធករណីជួញដូរ-ចែកចាយថ្នាំញៀនរួមជាមួយវត្ថុតាងនិងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅពេលខាងមុខ ៕ស្អាងជ័យ

 

img_6874 img_6879


ចែករំលែក៖