ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនជាង១០០នាក់ត្រូវឃាត់ខ្លួននិងបញ្ជូនមកតុលាការក្រុងភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ ក្រោយពីចាប់បើកយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់រយៈពេល៦ ខែបានចាប់ផ្តើមកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧នេះ គិតត្រឹមថ្ងៃទី៤ ខែមករា ពោលគឺមានរយៈពេល៤ថ្ងៃប៉ុណ្ណោះយ៉ាង ហោចណាស់មានជនសង្ស័យប្រមាណ ជាង១០០នាក់ មកពី៦ខណ្ឌ នៃរាជធានី ភ្នំពេញ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនមក តុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ។

យោងតាមប្រភពពីសមត្ថកិច្ចមកពី៦ ខណ្ឌ បានឲ្យដឹងថានៅព្រឹកថ្ងៃទី៤ ខែ មករា ឆ្នាំ២០១៧នេះ ជនសង្ស័យសរុប ១១៣នាក់ ត្រូវបានឃាត់ខ្លួន និងត្រៀម បញ្ជូនមកតុលាការ ដែលរួមមាន ៖ ១-ខណ្ឌ ដង្កោចំនួន២២នាក់, ២-ខណ្ឌជ្រោយចង្វា ចំនួន១៦នាក់, ៣-ខណ្ឌសែនសុខ ចំនួន ២៦នាក់, ៤-ខណ្ឌច្បារអំពៅ ចំនួន១៦ នាក់, ៥-ខណ្ឌដូនពេញ ចំនួន៤នាក់ និង ៦-ខណ្ឌប្ញស្សីកែវ ចំនួន២៩នាក់ ។

ដោយឡែកខណ្ឌចំនួន៦ទៀត នៃរាជ ធានីភ្នំពេញ នៅមិនទាន់មានឃើញបញ្ជូនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនយ៉ាងគគ្រឹកគគ្រេងមកតុលាការបែបនេះនៅឡើយទេ ។

ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា កាល ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ នេះមានជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន មួយចំនួនត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះ អាសន្ននៅពន្ធនាគារ ខណៈមួយចំនួនទៀត ត្រូវបញ្ជូនទៅមណ្ឌលកែប្រែផ្តាច់សារធាតុញៀន និងមួយចំនួននទៀតត្រូវបានតំណាងអយ្យការអនុញ្ញាតឱ្យទៅផ្ទះវិញ ។

សូមបញ្ជាក់ថា យុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់រយៈពេល៦ខែ គិតចាប់ពី ថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០១៧ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដាក់ចេញកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ ដើម្បី ឲ្យស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់អនុវត្តសំដៅរក្សាបាននូវកិត្តិយស ល្អដល់ប្រទេសកម្ពុជា ដែលមិនមែនជា ប្រទេសផលិតគ្រឿងញៀន ឬប្រភពនៃ គ្រឿងញៀននោះទេ ប៉ុន្តែគ្រឿងញៀន ត្រូវបានលួចនាំចូលតាមច្រករបៀងតាម បណ្តោយព្រំដែនភាគឦសាននៃប្រទេស ៕ ហេង នរិន្ទ្រ

01_04_2017_10_30_36%e1%9f%a1%e1%9f%a1%e1%9f%a1111%e1%9f%a1%e1%9f%a1


ចែករំលែក៖