ខេត្តរតនគិរី៖ ប្រជាពលរដ្ឋក្នុងក្រុងបានលុងខេត្តរតនគិរីបានសាទរចំពោះអាជ្ញាធរ ខេត្តរតនគិរីដែលបានស្ថាបនាកែលម្អក្រុងបានលុងឲ្យមានសោភណភាព ដើម្បីទាក់ ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេស ការកែប្រព័ន្ធលូរំដោះទឹកភ្លៀងនៅរដូវវស្សាកុំឲ្យស្ទះដក់ទឹក ។ ក៏ប៉ុន្តែការកែជីកប្រឡាយដាក់លូរួចទុកចោលមិនលុបច្រើនថ្ងៃខែធ្វើឲ្យប្រជាពលរដ្ឋរិះគន់យ៉ាងខ្លាំង ដែលធ្វើឲ្យ ប៉ះពាល់ដល់ការប្រកបមុខ របរ និងចូលទៅ លំនៅឋាន ។
បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា ការជីកប្រឡាយដាក់លូនៅក្នុងក្រុងបានលុងខេត្តរតនគិរី ត្រូវបានអាជ្ញាធរខេត្តម៉ៅការទៅឲ្យក្រុមហ៊ុនឯកជនដែលដេញថ្លៃបាន តែអាជ្ញាធរខេត្តហាក់មិនមានការត្រួតពិនិត្យទៅលើក្រុមហ៊ុនទាំងនោះដោយជីកប្រឡាយដាក់លូមានការយឺតយ៉ាវទុកចោលច្រើនខែរំខានដល់ការរស់នៅប្រកបរបរ និង ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។
ជាក់ស្តែងគេបានដឹងថាក្រុមហ៊ុនដឺហ្វូល ខនត្រាក់សិនដែលទទួលបានសិទ្ធិពីអាជ្ញា ធរខេត្តបានជីកប្រឡាយកាត់មុខផ្ទះ ប្រជាពលរដ្ឋសម្រាប់ដាក់លូ តាមបណ្តោយ ផ្លូវលេខ៧៨ ស្ថិតក្នុងភូមិទេសអន្លង់ សង្កាត់ បឹងកន្សែង ក្រុងបានលុង ត្រូវបានប្រជា ពលរដ្ឋរិះគន់ថា ក្រុមហ៊ុនបានជីកប្រឡាយដាក់លូជាង៣ខែមកហើយតែនៅមិនទាន់ដាក់លូ លុបដីវិញនោះទេ។ ក៏ប៉ុន្តែមួយ កំណាត់ត្រឹមមុខផ្ទះមន្រ្តីអ្នកធំនៅខេត្តរតន គិរីគេបានដាក់លូលុបយ៉ាងស្អាត ។
ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ការជីក ប្រឡាយដាក់លូទុកចោលបែបនេះធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់យ៉ាងខ្លាំង ដូច្នេះពួកគាត់សូមសំណូមពរដល់ស្ថាប័នមន្រ្តីមន្ទីរពាក់ព័ន្ធ ជំរុញឲ្យក្រុមហ៊ុនម៉ៅការស្ថាបនាដាក់លូនេះឲ្យបានឆាប់ រហ័ស ព្រោះការទុកបែបនេះធ្វើឲ្យពួកគាត់ប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗជាយថា ហេតុ និងប៉ះពាល់ដល់ជីវភាពរស់នៅ ព្រមទាំងការ ដឹកកសិផល ការលក់ដូរ និង ជួនកាលអាចនឹងបង្កគ្រោះថ្នាក់ដល់កូនៗ របស់ពួកគាត់ធ្លាក់ទៅក្នុងប្រឡាយដក់ទឹក ទុកចោលនេះទៀតផង ។
ជុំវិញការរិះគន់ជីកប្រឡាយដាក់លូតែទុកចោលនេះ បើតាមប្រធានមន្ទីរសាធារណ ការលោក វ៉ា សាវុធ បានប្រាប់គេហទំព័រក្នុងស្រុកមួយថា គម្រោងស្ថាបនាដាក់លូនេះជាគម្រោងរបស់ខេត្តដែលក្រុមហ៊ុនឯកជនម៉ៅការបានហើយការស្ថាបនាក្រុមហ៊ុនមិនបានឆ្លងយោបល់ពីមន្ទីរសាធារណការនោះទេ ពោលគឺធ្វើតាមអំពើចិត្ត មិនបាន សិក្សាគម្រោងប្លង់ត្រឹមត្រូវ ។
ដោយឡែកបុគ្គលិកក្រុមហ៊ុនជីកប្រឡាយ ដាក់លូខាងលើម្នាក់សុំមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា តាមពិតក្រុមហ៊ុនដឺហ្វូល ខនត្រាក់សិន ទទួលសិទ្ធិម៉ៅការជីកប្រឡាយដាក់លូត្រឹមហួសផ្ទះលោកអភិបាលខេត្ត ប៉ុណ្ណោះ ហើយការជីកប្រឡាយហួសទុក ចោលមិនទាន់ដាក់លូលុបវិញនេះ គ្រាន់តែមានគម្រោងជីកទុកមុនឲ្យហើយ ប៉ុណ្ណោះ ។
ទាក់ទិនការបង្ហើបព័ត៌មានជីកប្រឡាយទុកមុននេះ ត្រូវបានមហាជនលើកឡើងថា ក្រុមហ៊ុនកំពុងលេង៤សន្លឹក ។ មានន័យថា ក្រុមហ៊ុនខាងលើខ្លាចមានក្រុមហ៊ុនផ្សេង មកដណ្តើមជីកលូដាក់ប្រឡាយបន្ត ព្រោះ ក្រុមហ៊ុនអាចនឹងកំពុងកាក់កបក្នុងរបរដាក់លូជាមួយនឹងមន្រ្តី អាជ្ញាធរខេត្តដែលកាន់ គម្រោងដាក់លូមួយនេះ ។
លោក ញ៉ែម សំអឿន អភិបាលរងខេត្តរតនគិរីបានប្រាប់អ្នកយកព័ត៌មាននគរវត្តតាមទូរស័ព្ទនៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ ថា ប្រឡាយដែលជីករួចនោះ អាជ្ញាធរខេត្តនឹងដាក់លូបន្ត ក៏ប៉ុន្តែដោយ សារខ្វះថវិកា ទើបផ្អាកសិនរង់ចាំមានកិច្ច ពិភាក្សាជាមួយអភិបាលខេត្តដើម្បីរកថវិកាដាក់លូស្ថាបនាបន្តទៀត ។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋដែលមានផ្ទះត្រូវឆ្លងកាត់ប្រឡាយដ៏ធំជ្រៅនេះ សំណូពរដល់អាជ្ញាធរខេត្ត បើមិនទាន់មាន ថវិកាទេ គួរឲ្យក្រុមហ៊ុនលុបកិនបង្ហាប់សិនដើម្បីជៀសវាងគ្រោះថ្នាក់ដល់កូនចៅរបស់ពួកគាត់ និងកុំឲ្យប៉ះពាល់ដល់ការប្រកប របររកទទួលទានប្រចាំថ្ងៃផង៕ វុធឦសាន