ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិន២នាក់បើករថយន្ដឡិចស៊ីសបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិន២នាក់បើក រថយន្ដឡិចស៊ីស RX330 មួយគ្រឿងក្នុង ល្បឿនលឿនមិនប្រយ័ត្នបានជ្រុលទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរថយន្ដខូចខាតផ្នែកខាងមុខស្ទើរទាំង ស្រុង។ ចំណែករបាំងថ្មពុះចែកទ្រូងផ្លូវខូចខាតបន្តិចបន្តួច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២៣និង ២០នាតីយប់ ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចខាងមុខហាងលក់គ្រឿងបន្លាស់ រថយន្ដ សុខ ដារ៉ា តាមបណ្ដោយផ្លូវលេខ ២៧៣ ស្ថិតក្នុងសង្កាត់ទួលសង្កែរ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ។

រថយន្ដបង្កម៉ាកឡិចសុិសRX330 ពណ៌ ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2N-9163 បើក បរដោយបុរសជនជាតិចិនម្នាក់និងមានអ្នក រួមដំណើរជាមួយម្នាក់។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្ដបង្កធ្វើដំណើរតាមបណ្ដោយផ្លូវលេខ ២៧៣ ដោយធ្វើដំណើរទិសដៅពីកើត ទៅលិច។ លុះពេលមកដល់កន្លែងកើត ហេតុដោយស្ថានភាពផ្លូវមានភាពងងឹតក៏ ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលរថយន្ដខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុងនិងធ្វើឲ្យរថយន្តនេះបន្តដំណើរទៅមុខលែងរួចតែមិនបង្កឲ្យមានអ្នករង របួសនោះទេ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ សហការជាមួយកម្លាំងជំនាញចុះវាស់វែង យករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ពេលក្រោយ៕ ចាន់ធឿន

222-3 222 222-1 222-2


ចែករំលែក៖