ខេត្តប៉ៃលិន៖ បុរសម្នាក់បើកបររថយន្តងងុយដេក រេចង្កូតទៅបុកដុំថ្មធំធ្លាក់ចូលប្រឡាយអត់ទឹកក្រឡាប់ផ្ងារជើងក្អួតចេញការ៉ុងចំណីសត្វឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសាររថយន្តប្រភេទយីឌុបមួយគ្រឿង បានរេចង្កូតធ្លាក់ទៅក្នុងប្រឡាយអត់ទឹក ហើយជ្រុលទៅបុកនឹងដុំថ្មធំៗក្រឡាប់ផ្ងារជើង ត្រង់ចំណុចផ្លូវកោង ខណៈម្ចាស់ងោកមួយភាំង ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង៣០ នាទីល្ងាច ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ត្រង់ចំណុចក្បែរសាលាបឋមសិក្សាបឹងព្រលឹត ក្នុងភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។
ប្រភពព័ត៌មានបានឱ្យដឹងថា អ្នកបើកបររថយន្ត ឈ្មោះ ភក្តី ភេទប្រុស អាយុ២៨ឆ្នាំ រងរបួសស្រាល រស់នៅខេត្តពោធិ៍សាត់ ដោយបើកបររថយន្តម៉ាកហ៊ីយិនដាយពណ៌សលាយខៀវ ដឹកចំណីសត្វចំនួន២០តោន ពាក់ស្លាកលេខ តាកែវ 3A-1281 រងការខូចខាតធ្ងន់ធ្ងរ ។ ចំណែកអ្នកបើកបរព្រលឹងចុងសក់ ដោយបើកទ្វារលោតទម្លាកពីលើរថយន្តទាន់ពេល ប៊ិះនឹងស្លាប់បាត់បង់ជីវិត ។
ប្រភព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា គេឃើញរថយន្តមួយគ្រឿង ប្រភេទហ៊ីយ៉ានដាយ បើកបរក្នុងទិសដៅពីលិចទៅកើត ដោយដឹកចំណីសត្វពេញទ្រង់ លុះ ដល់ត្រង់ចំណុចផ្លូវកោង ស្រាប់តែម្ចាស់រថយន្តខាងលើងោកមួយភាំង ក៏រេចង្កូតទៅខាងស្តាំដៃ លុះពេលដឹងខ្លួនក៏បើកទ្វារលោតទម្លាក់ពីលើរថយន្តរងរបួសដៃស្រាល ។ ប្រភពបន្តទៀតថា សំណាង ល្អមានដុំថ្មធំៗចំនួន២ដុំនៅក្បែរមាត់ប្រឡាយ កុំអីរថយន្តមួយគ្រឿងនេះជ្រុលទៅបុកផ្ទះប្រ ជាពលរដ្ឋ បណ្តាលឱ្យរងការខូចខាត ហើយក៏អាចរបួសម្ចាស់ផ្ទះផងដែរ ។
ប្រភពដដែលបញ្ជាក់ទៀតថា ក្រោយពេលកើតហេតុ រថយន្តខាងលើ ត្រូវបានម្ចាស់រៀបចំយករថយន្តផ្សេងមកផ្ទេរចំណីសត្វយកទៅឯក្រុងភ្នំពេញ ហើយក្រុមហ៊ុនរៀបចំយករថ យន្តយកទៅជួសជុល ។
ប្រជាពលរដ្ឋបានឱ្យដឹងថា ពួកគាត់សំណូមពរដល់សមត្ថកិច្ចឱ្យធ្វើការអប់រំដល់អ្នក បើកបររថយន្តដឹកទំនិញធំៗគ្រប់ប្រភេទ សូមមេត្តាបើកបរក្នុងល្បឿនសមរម្យ ព្រោះសព្វថ្ងៃនេះពួកគាត់ សង្កេតឃើញថា មានរថយន្តធំៗជាច្រើនដែល បើកបរក្នុងល្បឿនលឿនលើផ្លូវជាតិលេខ៥៧ក៏ ដូចតាមផ្លូវលំតែងតែជួ បគ្រោះថ្នាក់ជាញឹកញាប់ តែម្ដង ៕ ស សារ៉េត