ខេត្តព្រះសីហនុ៖ លោក ហែម វុទ្ធី សមាជិកក្រុមប្រឹក្សាស្រុកព្រៃនប់ ជាប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានភូមិបឹងវែង ឃុំវាលរេញត្រូវប្រជាពលរដ្ឋក្នុងស្រុកព្រៃនប់ ជាពិសេសគឺអាជិវករលក់ដូរក្នុងផ្សារវាលរេញតែម្តង រិះគន់ព្រោះដោយបានប្រើប្រាស់សិទ្ធិអំណាចជាមន្ត្រីរាជការរំលោភបំពានសិទ្ធិរស់នៅប្រជាពលរដ្ឋ ព្រមទាំងបង្កការលំបាកគ្រប់បែបយ៉ាង ព្រោះតែរឿងសាងសង់លំនៅដ្ឋាន។
លោក ម៉ិញ គឹមសាយ អាយុ៦៤ឆ្នាំ និងប្រពន្ធឈ្មោះ លី ហួង រស់នៅជិតខាងជាប់ជញ្ជាំងគ្នាជាមួយលោក ហែម វុទ្ធី បានរៀបរាប់ថា គាត់បានរៀបចំសាងសង់ផ្ទះល្វែងដ៏តូចមួយ ទំហំប្រវែង៣ម៉ែត្រប៉ុណ្ណោះ ដោយសាងសង់ជាប់ជញ្ជាំងម្ខាងចាប់នឹងឆ្អឹងដែកផ្ទះចាស់របស់គាត់ដែលមានស្រាប់ និងម្ខាងទៀតរៀបធ្នឹមឥដ្ឋឡើងជញ្ជាំង ដោយទទួលបានការឯកភាពពីរសំណាក់ លោក ហែម វុទ្ធីផងដែរ។ លោក ម៉ិញ គឹមសាយ បន្តថា ក្រោយមកលោកក៏សាងសង់បានបន្តិច ក៏ស្រាប់តែលោក ហែម វុទ្ធី ដាក់ពាក្យបណ្តឹងទៅអាជ្ញាធរស្រុកព្រៃនប់ និងអាជ្ញាធរខេត្ត ដោយចោទថា សំណង់របស់លោក ជាសំណង់គ្មានច្បាប់អនុញាត្តិត្រឹមត្រូវ និងធ្វើការផ្អាកការសាងសង់តែម្តង។
បញ្ហាខាងលើនេះ លោក ម៉ិញ គឹមសាយ និងប្រពន្ធ បានទទួលស្គាល់ថា សំណង់របស់គាត់ពិតជាមិនមានច្បាប់អនុញាត្តិត្រឹមត្រូវពិតប្រាកដមែន ប៉ុន្តែមិនបានន័យថា គាត់បំពានច្បាប់នោះទេ ពីព្រោះថានៅមុនពេលរូបគាត់ ចាប់ផ្តើមសាងសង់ ក៏ធ្លាប់ទៅធ្វើការសុំច្បាប់អនុញាត្តិពីមន្ត្រីជំនាញពាក់ពន្ធ័ផងដែរ ប៉ុន្តែមន្ត្រីជំនាញពាក់ពន្ធ័និយាយថា ផ្ទះតូចអញ្ជឹង ដូចជាមិនបាច់សុំច្បាប់អ្វីនោះទេ សំខាន់អ្នកជិតខាងខ្លួនដែលជាប់ព្រំជាមួយគ្នានោះ គេមានការឯកភាពទៅបានហើយ។
ម្យ៉ាងទៀតសំណង់ផ្ទះល្វែងកំពស់២ជាន់របស់ លោក ហែម វុទ្ធី ដែលធ្វើការសាងសង់រួចរាល់នោះ ក៏មិនមានច្បាប់អនុញាត្តិត្រឹមត្រូវដែរ និងថែមទាំងបានធ្វើការសាងសង់រំលោភបំពានលើដីចំណីផ្លូវជាតិលេខ៤ ជិត១០ម៉ែត្រ។
លោក ព្រំ ប៊ុន្នី នាយករងរដ្ឋាលស្រុកព្រៃនប់ បានបញ្ជាក់ថា ថ្នាក់ដឹកនាំអាជ្ញាធរស្រុកព្រែនប់ ក្រោយពីរទទួលបានពាក្យបណ្តឹងរបស់លោក ហែម វុទ្ធី ភ្លាមៗក៏បានបង្កើតក្រុមការងារចម្រុះ ចុះធ្វើការពិនិត្យ ជាក់ស្តែងដើម្បីដោះស្រាយផងដែរ ដោយក្នុងពេលចុះដោះស្រាយនោះ មានលក្ខណ្ឌ័ចំនួន៩ចំណុច ដែលត្រូវយកមកជជែកគ្នា ជាលទ្ធផលភាគីទាំងសងខាង ក៏បានព្រមព្រៀងឯកភាពគ្នា ធ្វើកិច្ចសន្យាបញ្ចប់ទំនាស់ ព្រមទាំងមានថតរូបទុកជាអនុស្សាវរីយ៏ជាមួយគ្នាទៀតផង។
លោកបានបន្តថា ប៉ុន្តែកិច្ចសន្យាសរសេរមិនទាន់ចប់ផង លោក ហែម វុទ្ធី បានប្រាប់ថា គាត់មានការប្រញាប់សុំទៅមុន ដូច្នេះកិច្ចសន្យានខាងលើនេះចាំគាត់ផ្តិតឲ្យក៏បានដែរ លុះក្រុមការ ងារបស់អាជ្ញាធរស្រុក ក៏បានយកលិខិតកិច្ចសន្យានោះទៅឲ្យលោក ហែម វុទ្ធី ផ្តិតមេដៃ បែរជាគាត់មិនព្រមផ្តិតមេដៃ ដោយនិយាយថា ចាំគាត់ធ្វើការពិចារណាសិន ព្រោះមានចំណុចខ្លះគាត់ចង់បន្ថែម។ រំលងបានបីថ្ងៃ ទើបលោក ហែម វុទ្ធី ក៏មិនបានធ្វើការស្នើរសុំលើចំណុចខ្វះចន្លោះដែលគាត់ចង់បន្ថែរនោះទេ តែបែរជាដាក់ពាក្យបណ្តឹងសុំអន្តរាគមន៏ពីរអាជ្ញាធរខេត្តវិញ ដែលជាហេតុបង្កឲ្យមានភាពស្មុកស្មាញកាន់តែខ្លាំងឡើង រហូតមកដល់ពេលនេះតែម្តង។
ជាលោក ទិត វុទ្ធី អភិបាលស្រុកព្រៃនប់ បានបញ្ជាក់ថា អ្វីដែលលោក ហែម វុទ្ធី ធ្វើនេះ គឺជាការរំលោភលើនិតិវិធី របស់អាជ្ញាធរស្រុកហើយ ព្រោះថា កិច្ចការដំណោះស្រាយនេះគួរទុកឲ្យក្រុមការងារថ្នាក់អាជ្ញាធរស្រុកធ្វើការឲ្យអស់លទ្ធភាព ជាមុនសិន តែផ្ទុយទៅវិញកិច្ចការដោះស្រាយទើបតែចាប់ផ្តើម មិនទាន់ទទួលបានលទ្ធផលផង បែរជាទៅប្តឹងអាជ្ញាធរខេត្តទៅវិញ។
ទន្ទឹមគ្នានោះ ប្រជាពលរដ្ឋរស់នៅក្នុងឃុំវាលរេញទាំងមូល បានធ្វើការិះគន់ថា អ្វីដែលលោក ហែម វុទ្ធី ជាមន្ត្រីក្រុមប្រឹក្សាស្រុកព្រៃនប់រូបនេះបានធ្វើគឺជាការរំលោភលើនិតីវិធីនៃច្បាប់ទាំង ស្រុងដោយអាងខ្លូនមានអំណាចធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់ រស់នៅជិតខាងខ្លូន៕ ហេងនរិន្ទ្រ