ខេត្តបន្ទាយមានជ័យ៖ បុរសជាព្រានព្រៃម្នាក់ បានទៅរកទាក់សត្វលលកចូលក្នុងតំបន់ចំការមីន ដែលជាតំបន់ហាមឃាត់នៅចំណុចខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយដើរជាន់មីនប្រឆាំង និងមនុស្សបណ្តាលឱ្យដាច់ជើងឆ្វេងម្ខាង ខណៈដែលជនរងគ្រោះនិងមិត្តភក្តិម្នាក់ទៀតបានដើរទៅរកទាក់សត្វលលកដើម្បីយកធ្វើអាជីវកម្ម។
ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទី ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ នៅចម្ងាយពីទីប្រជុំ ក្រុងប៉ោយប៉ែត ចម្ងាយជាង១០គីឡូម៉ែត្រ ត្រង់ចំណុចផ្លូវ៥០ ទំនប់ក៥ ស្ថិតក្នុងភូមិព្រៃគុម្ព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមប្រភពព័ត៌មានពីនគរបាលវរៈការពារព្រំដែនគោកលេខ៩១១ ឈរជើងនៅតំបន់ប៉ោយប៉ែត បានប្រាប់ឱ្យដឹងថា មុនពេលកើហេតុ បុរសរងគ្រោះខាងលើ និងមិត្តភក្តិម្នាក់ទៀត មានគ្នា២នាក់ បានធ្វើដំណើរ ចូលក្នុងតំបន់ចំការមីន ។ សមត្ថកិច្ចការពារព្រំដែនមិនបានដឹងពួកគាត់ដើរចូលតំបន់នោះ ពីពេលណានោះទេ។ លុះមានការផ្ទុះសម្លេងគ្រាប់មីន សមត្ថកិច្ចបានចុះទៅត្រួតពិនិត្យ ហើយបានប្រទះឃើញជនរងគ្រោះ ដែលមានឈ្មោះកូប ម៉ាន អាយុ៤៧ ឆ្នាំរស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ក្នុងស្ថានភាពដួលដេកនិងដី មានស្នាមរបួសដាច់ជើងឆ្វេង ក្នុងថ្លុកឈាមទៅហើយ ។ ក្រោយមកជនរងគ្រោះក៏ត្រូវបាននគរបាលការពារព្រំដែន និងសាច់ញាតិនាំគ្នាសែងចេញពីតំបន់ចំការមីន ហើយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ មិត្តភាពកម្ពុជា ជប៉ុន ស្រុកមង្គលបុរី តែម្តង។ គ្រាប់មីនដែលបង្កគ្រោះថ្នាក់ជនរងគ្រោះប្រភេទមីនស្គរ K៥៨ ដែលបន្សល់កប់ទុកក្នុងដីចាប់តាំងពីសម័យសង្រ្គាមមកម្ល៉េះ ។
បើតាមប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា នៅតំបន់នោះកន្លងមកធ្លាប់ កើតមានករណីផ្ទុះមីនម្តងរួចមកហើយទៅលើពលករខ្មែរម្នាក់ដើរឆ្លងដែនបម្រុងចូលទៅប្រទេសថៃ រងការដាច់ជើងម្ខាងផងដែរ ។ តំបន់ខាងលើជាតំបន់អតីតសមរភូមិសង្រ្គាម ដែលបានបន្សល់ទុក គ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះកប់ក្នុងដី ជាច្រើន។ តំបន់នេះមិនទាន់មាននៅក្នុងគំរោងរបស់មន្រ្តីជំនាញស៊ីម៉ាកចូលទៅបោសសំអាតមីននៅឡើយនោះទេដោយសារជាតំបន់ខ្សែបន្ទាត់ព្រំដែនមានការប្រទាញប្រទង់គ្នាជាមួយ ភាគីថៃ ។ ភាគីថៃគេមិនអនុញ្ញាតឱ្យភាគីខ្មែរចូលបោសសំអាតគ្រាប់មីននៅឡើយទេ ៕ សំ វិច្ឆិកា