ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូគេចជង្ហុកធ្លាក់អ្នកជិះ រថយន្តមកពីក្រោយកិនស្លាប់ម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់គួរឲ្យរន្ធត់មួយបានកើតខណៈដែលអ្នកជិះម៉ូតូចំនួន៣នាក់ជិះគេចជង្ហុកបណ្តាលឲ្យអ្នកជិះពីក្រោយធ្លាក់ពីលើម៉ូតូ ត្រូវរថយន្តបើកមកពីខាងក្រោយកិនស្លាប់យ៉ាងអាណោចអធម៌ក្នុងថ្លុកឈាម។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង ៣៥នាទី ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៧ ត្រង់ចំណុចខាងកើតក្លោងទ្វារវត្តសំរោងកណ្តាល ផ្លូវលេខ ១៥១ សង្កាត់ សំរោង ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញមាននារី៣នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C-125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1-CD 3828 បើកលើផ្លូវ១៥១ក្នុងទិសដៅពីលិចទៅកើតលុះមកដល់កន្លែងកើតហេតុបានគេចជង្ហុកធ្វើឲ្យធ្លាក់អ្នកជិះពីខាងក្រោយស្របពេលរថយន្តមួយគ្រឿងម៉ាក HYANDAI ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 3-C 3617 ធ្វើដំណើរស្របទិសគ្នាមកដល់ពីក្រោយបានកិនជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានបងប្អូនហៅរថយន្តសង្គ្រោះមកដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ តែដោយរបួសធ្ងន់ធ្ងរខ្លាំងពេកក៏បានដាច់ខ្យល់ស្លាប់តាមផ្លូវតែម្តង។

តាមលោកសុិន សុវណ្ណ នាយផ្នែកចរាចរណ៍ខណ្ឌព្រែកព្នៅបានប្រាប់អោយដឹងថា ជនរងគ្រោះមានគ្នាចំនួន៣នាក់ ជិះម៉ូតូ១គ្រឿងយ៉ាងលឿនដោយខ្វះការប្រុងប្រយ័ត្នគេចពីជង្ហុកទើបបណ្តាលឲ្យធ្លាក់អ្នកជិះពីខាងក្រោយត្រូវរថយន្តកិនស្លាប់យ៉ាងដូច្នេះ ។ លោកសុិន សុវណ្ណបន្តថា អ្នកបើករថយន្តឈ្មោះ អែម ឈិន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបើករថយន្ត ក្រោយពីមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍បានគេចខ្លួនបាត់ ដោយបន្សល់ទុករថយន្តបង្កនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ កំលាំងនគរបាលចរាចរណ៍ខណ្ឌព្រែកព្នៅបានមកដល់កន្លែងកើតហេតុ ដើម្បីជួយសម្រួលចរាចរណ៍បញ្ជាសការកកស្ទះ និងធ្វើការវាសវែងយករថយន្តបង្កប្រគល់ឲ្យទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់។ ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនាផងដែរ៕ ព្រែកជ័យ

unnamed (1) unnamed (2) unnamed (3) unnamed


ចែករំលែក៖