ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់ របួសបួននាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បីលើកផ្សេងគ្នានៅខេត្តពោធិ៍សាត់

ចែករំលែក៖

 
ខេត្តពោធិ៍សាត់ៈ យ៉ាងហោចកុមារីម្នាក់បានស្លាប់យ៉ាងអាណោចអធ័ម និងបុរស ៣នាក់ទៀតបានរងរបួសធ្ងន់ ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៣លើកផ្សេងគ្នា នៅខេត្តពោធិ៍សាត់ ។

លោកវរសេនីយ៍ទោ ឯម រុន អធិការនគរបាលស្រុកក្រគរបានឱ្យដឹងថា នៅវេលាម៉ោង ៤និង០០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧២-១៧៣ ស្ថិតក្នុងភូមិធ្លាម្អម ឃុំបឹងកន្ទួត ស្រុកក្រគរ មានករណីគ្រោះថ្នាក់ចរាចរណ៍ ១លើក រវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-1476 បើកបរដោយឈ្មោះ សាន់ លីតេង ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិចំការចេក សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ (របួសស្រាល) រួមដំណើរដោយឈ្មោះ អាត រក្សា ភេទប្រុស អាយុ ២០ឆ្នាំ (របួសធ្ងន់) និងឈ្មោះ សុខ លាង ភេទប្រុស អាយុ ២០ឆ្នាំ (របួសស្រាល) អ្នកទាំងពីររស់នៅភូមិសង្កាត់ជាមួយអ្នកបើកបរខាងលើ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុបានបុកគូទរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 2A-6854 ខណៈកំពុងធ្វើដំណើរស្របទិសគ្នា (កើតទៅលិច) បណ្ដាលឱ្យរថយន្តធុនធំបង្កក្រឡាប់ធ្លាក់ចូលវាលស្រែ បណ្ដាលឱ្យអ្នកបើកបរ និងអ្នករួមដំណើររងរបួសធ្ងន់ស្រាល ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែកវត្ថុតាងរថយន្តទាំង ២គ្រឿងរងការខូចខាតយ៉ាងដំណំត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាល។

ចំណែកលោកវរសេនីយ៍ទោ នាង វុធ អធិការនគរបាលស្រុកបាកានឯណេះវិញបានឱ្យដឹងដែរថា នៅវេលាម៉ោង ៨និង៥០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៥-១៩៦ ស្ថិតក្នុងភូមិក្រពើរោទ៍ ឃុំស្នាមព្រះ ស្រុកបាកាន មានករណីគ្រោះថ្នាក់ចរាចរណ៍ ១លើកដែរ ដោយរថយន្តម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-2926 អ្នកបើកបររត់គេចខ្លួន ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានបុកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1C-1290 ពីក្រោយពេញទំហឹងបណ្ដាលឱ្យអ្នកបើកបរម៉ូតូឈ្មោះ ម៉ាន ក្រូច ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំស្នាមព្រះ ស្រុកបាកាន របួសធ្ងន់ (បាក់ជើងឆ្វេង) ត្រូវបានគេបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែកវត្ថុតាងម៉ូតូ និងរថយន្តត្រូវបាននគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលយកទៅរក្សាទុក។

ដោយឡែកលោកវរសេនីយ៍ទោ ឈន រិទ្ធ អធិការនគរបាលក្រុងពោធិ៍សាត់ បានឱ្យដឹងដែរថា នៅលើកំណាត់ផ្លូវកៅស៊ូលេខ ១៥៥ ស្ថិតក្នុងភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍ ១លើកផងដែរ ដោយប្រភពនៅជុំវិញកន្លែងកើតហេតុលើកឡើងថា មានម៉ូតូ ១គ្រឿង បានបុកក្មេងថ្មើជើងក្ទៀតចូលរថយន្តដឹកថ្មកិនបែកក្បាលចេញខួរស្លាប់ភ្លាមៗនៅនឹងកន្លែង កុមារីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ឯក សំណាង អាយុ ៦ឆ្នាំ រស់នៅភូមិ-សង្កាត់កើតហេតុខាងលើ ចំណែកម៉ូតូ និងរថយន្តបានបើកគេចបាត់ស្រមោលអស់ សមត្ថកិច្ចនគរបាលបានត្រឹមកំពុងស្រាវជ្រាវ ៕ ប៉ឹម ពិន

des (3) des des (1) des (2)


ចែករំលែក៖