ខេត្តកំពង់ធំ៖ បុរសម្នាក់ផឹកស្រាស្រវឹងនិយាយជាមួយប្រពន្ធ តែប្រពន្ធមិនស្ដាប់ ខឹងពេកចង់កសម្លាប់ខ្លួនឯង ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង ៣០នាទី ថ្ងៃ ទី១៧ ខែមករា ឆ្នាំ២០១៧ នៅក្នុងភូមិសៀមរាយ ឃុំស្រយោង ស្រុកបារាយ៍ ខេត្តកំពង់ធំ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះ ឈ្មោះ អ៊ូ ចំរើន ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិ ឃុំខាងលើ គាត់តែងតែផឹកស្រាស្រវឹងរាល់ថ្ងៃ ដល់ថ្ងៃកើតហេតុ គាត់ផឹកស្រាស្រវឹងហើយនិយាយប្រដៅប្រពន្ធអោយប្រពន្ធធ្វើការផ្ទះ តែប្រពន្ធមិនស្ដាប់ ខឹងពេក ក៏លួចយកខ្សែនីឡុងយកទៅចង់កសម្លាប់ខ្លួននឹងដើមស្វាយក្រោយផ្ទះ ដោយពុំមាននរណាដឹងថា ស្លាប់ពីពេលណានោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកុសល្យវិច័យលើសាកសពរួចសន្និដ្ឋានថា ពិតជាស្លាប់ដោយសារចង់កសម្លាប់ខ្លួនមែន ពុំមានពាក់ព័ន្ធនឹងរឿងឃាតកម្មនោះទេ ទើបប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ប៊ុនរិទ្ធី