ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈល្ងីល្ងើ៖ «លោកសាំងចេះតែឡើងថ្លៃ លោកទំនិញផ្សេងៗបើកភ្នែកម៉ក់ៗចង់ឡើងនឹងគេដែរ»

ចែករំលែក៖

មានម៉ូតូកញ្ចាស់មួយគ្រឿងគ្រាន់ជិះនឹងគេដែរ តែវាមិនមែនកំពូលស៊ីសាំងទេ គឹវាកំពូលផឹកសាំងតែម្តង ។ ពីមុនមាន៦០០០រៀលចាក់សាំងបានពីរលីត្រ ជិះបាន៣ថ្ងៃនឹងគេដែរ តែអីឡូវនេះមាន៦០០០រៀលចាក់សាំងសឹងមិនបាន១លីត្រកន្លះផង តើហេតុអីទៅ?

ជាការកត់សម្គាល់របស់នាយជាលនៅចុងឆ្នាំ២០១៦ ឈានចូលដើមឆ្នាំ ២០១៧ នេះ លោកសាំងបានហក់ឡើងថ្លៃពី ៣០០០រៀល ជិតដល់៤០០០រៀលហើយក្នុងមួយលីត្រ ហើយការឡើងថ្លៃសន្សឹមៗពីទាបទៅខ្ពស់ជិតដល់៤០០០រៀលនេះមិនដឹងថាបណ្តាលមកពីអ្វីនោះទេ។ចម្ងល់ទាំងនេះទំនងជានាយជាលមិនបានតាមដានឲ្យដិតដល់ពីព័ត៌មានសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្នទេដឹង ទើបនាយជាលចេះតែល្ងីល្ងើពកថ្ងាសដូចគេថាមិនខុសអំពីលោកសាំងឡើងថ្លៃ? ដូច្នេះសូមអ្នកដឹងរឿង លោកសាំងចេះតែឡើងថ្លៃនេះ មេត្តារៀបរាប់ឲ្យនាយជាលដឹងផង ជាពិសេសសាម៉ីក្រសួងពាណិជ្ជកម្មតែម្តង ។

បានជាគេថានាយជាលល្ងីល្ងើពកថ្ងាសមិនដឹងខ្យល់អីទៅហើយ នាយជាលសូមសម្តែងក្តីបារម្ភមួយ ព្រោះវាជាមេរៀនមានពីអតិតកាលរួចទៅហើយគឺបើ«លោកសាំងឡើងថ្លៃ លោកទំនិញផ្សេងៗនិងលូនតាមលោកសាំងមិនខាន»ជាពិសេសទំនិញ ឬ ឧស្សាហផលផ្សេងៗកើតចេញពីការផលិតដោយប្រេងឥន្ធនៈតែម្តង។ ជាងនេះទៀតគឺសេវាដឹកជញ្ជូន (រថយន្តឈ្នួល) វាពិតជាមិននៅសម្ងំស្ងៀមដូចកាលលោកសាំងនៅថោកនោះទេ ច្បាស់ជានាំគ្នាធ្វើភ្នែកម៉ក់ៗចង់ហក់ឲ្យទាន់លោកសាំងដែរហើយ ។ បើមិនជឿទេសួរទៅគុយ ទាវមួយចានឡើងថ្លៃប៉ុន្មាន ? កាហ្វេខ្មៅមួយកែវឡើងថ្លៃប៉ុន្មាន ?

នាយជាលនៅចាំបានថា ប្រសិនបើទំនិញផ្សេងៗហក់ឡើងថ្លៃតាមលោកសាំងមែននោះអ្នកស្លាប់មិនមែនអ្នកមានរថយន្តរាប់ឡូត៍ អ្នករស់នៅក្រោមម៉ាស៊ីនត្រជាក់នៃវិឡាស្កឹមស្កៃជាអ្នកស្លាប់នោះទេ គឺអ្នកលក់ត្រកួនព្រលិតដូរអង្ករកំប៉ុង អ្នកមានកូនច្រើននោះទេជាអ្នកអស់ខ្យល់ អស់ដង្ហើម ត្រូវតែស្លាប់ ។

សម្រាប់នាយជាលវិញ គិតថាវាមិនដល់ថ្នាក់ស្លាប់ដូចអ្នកលក់ត្រកួនព្រលឹតទេ គឺគ្រាន់តែវេទនាប៉ុណ្ណោះ ព្រោះមានម៉ូតូកញ្ចាស់មូយគ្រឿងគ្រាន់រត់ឌុបយកលុយចិញ្ចឹមកូន៤-៥នាក់ទៅរៀននឹងគេដែរ។ តែបើម៉ូតូខូចទៅមុខលែងរួចវិញ ច្បាស់ជាជិវិតនាយជាល មិនខុសពីជីវិតអ្នកលក់ត្រកួន ព្រលឹតនោះឡើយ ៕ នាយជាល

 


ចែករំលែក៖