ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ៣នាក់ រួមទាំងវត្ថុតាង និងសម្ភារពាក់ព័ន្ធនឹងសារធាតុញៀន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលជំនាញស្រុកក្រគរ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអន្លង់ត្នោត ចុះបង្រ្កាបករណីជួយដូរគ្រឿងញៀន និងឆែកឆេរលំនៅឋាន ក្នុងនោះកម្លាំងឃាត់ខ្លួនជនសង្ស័យ៣នាក់ រួមទាំងវត្ថុតាង និងសម្ភារផ្សេងៗ ។

ប្រតិបត្តិការខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង ៩និង២៦នាទីព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ឡត់ ចាន់បញ្ហា ហៅ អូន ភេទប្រុស អាយុ ២៥ឆ្នាំ ស្ថិតក្នុងភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

លោកវរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការរងនគរបាលស្រុកក្រគរ បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន និងបទបញ្ជាពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តលោក តន់ សីហតេជៈ កម្លាំងបានបង្កើតគណកម្មការចម្រុះចុះឆែកឆេរលំនៅដ្ឋានមួយកន្លែងរបស់ឈ្មោះ ដូចបានរៀបរាប់ខាងលើ លទ្ធផលកម្លាំងឃាត់ជនសង្ស័យចំនួន ០៣នាក់ រួមទាំងវត្ថុតាង និងសម្ភាររួមមាន ៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន ១៣កញ្ចប់តូច និង ០១កញ្ចប់ធំ កាំភ្លើងខ្យល់ចំនួន ០២ដើម កន្រ្តៃចំនួន ០១ ដាវសាំម៉ូរ៉ៃចំនួន ០១ ទូរស័ព្ទដៃចំនួន ០៤គ្រឿង ដបទឹកសុទ្ធ ទុយោ ដែកកេះសម្រាប់ជក់ ថង់សម្រាប់ច្រកចំនួន ០៣ថង់ គ្រាប់កង់ចំនួន ០១ប្រអប់ និងគ្រាប់កាំភ្លើងប្រាយចំនួន ០១គ្រាប់ ជនសង្ស័យ និងវត្ថុតាងសម្ភារត្រូវបានយកមកអធិការដ្ឋាននគរបាលស្រុកក្រគរ ។

លោកវរសេនីយ៍ត្រីបន្តថា ជនសង្ស័យត្រូវបានឃាត់ខ្លួនយកមកសួរនាំទី១-ឈ្មោះ ឡត់ ចាន់បញ្ហា ហៅ អូន ភេទប្រុស អាយុ ២៥ឆ្នាំ (ម្ចាស់ផ្ទះត្រូវបានឆែកឆេរ) រស់នៅភូមិ-ឃុំខាងលើ ទី២-ឈ្មោះ ឡាក់ ចាន់សំអឿន ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងទី២-ឈ្មោះ ហ៊ីម ឡេក ភេទប្រុស អាយុ ២៤ឆ្នាំ (ខ្មែរឥស្លាម) រស់នៅភូមិស្រមោលមាស ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។

លោកបន្តទៀតថា ជនសង្ស័យកំពុងសាកសួរបន្ត និងបំពេញនីតិវីធីនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបញ្ជូនខ្លួនពួកគេរួមទាំងវត្ថុតាង និងសម្ភារទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បន្តតាមនីតិវិធី ៕ ប៉ឹម ពិន

sew (4) sew sew (1) sew (2) sew (3)


ចែករំលែក៖