ព័ត៌មានទាន់ហេតុការណ៍៖

រឿង Jail Break ភាពយន្តខ្មែរទី១ត្រៀមវាយលុកទីផ្សារនៅអាមេរិក

ចែករំលែក៖

ភ្នំពេញ៖ ភាពយន្តខ្មែរដំបូង ដែលមានឈុតឆាកវាយតប់ ក៏ទាក់ទាញគឺរឿង «Jailbreak ឬការពារឧក្រិដ្ឋជន» ប្រកាសថា នឹងចេញទៅវាយលុកទីផ្សារភាពយន្តនៅសហរដ្ឋអាមេរិក ក្នុងពេលដ៏ខ្លីខាងមុខនេះ បន្ទាប់ពីចាក់បញ្ចាំង ជាផ្លូវការនៅកម្ពុជា។

ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងពិធីសម្ពោធ ភាពយន្តដ៏កក្រើកមួយកាលពីថ្ងៃទី២០ ខែមករា នៅរោងភាពយន្តលេជេនផ្សារ ទំនើបTK Avenue ក្រោមវត្តមាន សិល្បករផលិតកររាប់រយនាក់។

រឿង «Jailbreak ឬការពារឧក្រិដ្ឋជន» បានអះអាងថាក្រោយបញ្ចប់ការបញ្ចាំងនៅក្នុងប្រទេសកម្ពុជា រឿងនេះនឹងចូលវាយលុកទីផ្សារទីផ្សារអាមេរិកតែម្ដង ដោយសារតែខាងរោងទំនើបនៅអាមេរិកបានផ្ដល់ការអនុញ្ញាតរួចរាល់ហើយនោះ។

នេះបើតាមការបញ្ជាក់របស់លោក Jimmy Henderson ដែលជាផលិតករ។ លោកបញ្ជាក់ថា រឿង«Jailbreak » ជារឿងខ្មែរដំបូង ដែលលោក ចំណាយទុនរហូតដល់ជាង ៣០ម៉ឺនដុល្លារ និងពេលវេលា ប្រមាណ១ឆ្នាំដើម្បីផលិតដោយក្រៅពីតារាសម្ដែងល្បីៗនៅក្នុងប្រទេសកម្ពុជា លោកក៏អញ្ជើញតារា សម្ដែងមកពីប្រទេសបារាំង និងតារាបរទេសពីរបីនាក់ផ្សេងទៀតអោយរួមសម្ដែងផងដែរ ។

លោកថា ការសម្រិតសម្រាំងទាំងប្លង់ បច្ចេកទេស និងការជ្រើសរសើតួសម្តែងសុទ្ធទែអាចធ្វើឲ្យភាពយន្តនេះក្លាយជាភាពយន្តដែលមានគុណភាពប្រកួតប្រជែងមួយ។ ផលិតករ ជនជាតិអ៊ីតាលី រូបនេះបានអះអាងថាខ្សែរឿងមួយនេះ បន្ទាប់ពីបានថតចប់លោកយកទៅកាត់តនិងដំឡើងក្រាហ្វ្រិកនៅក្នុងប្រទេសម៉ាឡេស៊ី ទើបធ្វើអោយផ្ទៃរឿងទាំងមូលភាពរស់រវើក ជាពិសេសឈុតឆាកវាយតប់គ្នាប្លែកពីភាពយន្តខ្មែរកន្លងទៅ។

លោកបន្តថា ក្រោយពេលថតចប់បានយកទៅឆ្លងនៅក្នុងប្រទេសសហរដ្ឋអាមេរិក ហើយជាលទ្ធផលគឺខាងអាមេរិកបានយល់ព្រមអោយដាក់បញ្ចាំងនៅតាមរោងទំនើបដូចគ្នានឹងនៅប្រទេសកម្ពុជា ដោយគ្រាន់តែរង់ចាំ អោយលោកទម្លាក់ផ្លាកពីក្នុងប្រទេសកម្ពុជាសិន ទើបអាចយកទៅបញ្ចាំងនៅអាមេរិកបាន។

លោកបញ្ជាក់ថា គុណភាពភាពយន្តនេះមានគ្រប់គ្រាន់ដើម្បីចាក់បញ្ចាំងនៅសហរដ្ឋអាមេរិក ហើយនឹងអាចទាក់ទាញអ្នកទស្សនា ពិសេសប្រជាជនខ្មែរដែលរស់នៅសហរដ្ឋអាមេរិកបានស្គាល់ពីស្នាដៃនេះបាន។

ភាពយន្តខ្នាតធំរឿង«Jailbreak » នឹងត្រូវចាក់បញ្ចាំងនៅកម្ពុជាចាប់ពីថ្ងៃទី៣១ មករា ជាមួយនឹងក្តីរំពឹងខ្ពស់។
ក្រោយបញ្ចប់ការបញ្ចាំងនៅតាមរោងកុនអាមេរិក ផលិតកររឿងនេះក៏បានប្រកាសថានឹងមានគម្រោងយកទៅបញ្ចំាងនៅបារាំង នៅប្រទេស អឺរ៉ុប ដោយមិនទាន់រាប់បញ្ចូលទីផ្សារក្នុងតំបន់អាស៊ាននោះទេ៕ វឌ្ឍនា

jg g a1 a2 a3 et ji gd bh hf


ចែករំលែក៖