ភ្នំពេញ៖ កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ មានករណីជិះម៉ូតូដេញបាញ់ប្រហាររហូត៥គ្រាប់ ទៅលើស្រ្តី២នាក់ ដែលទើបតែបើករថយន្តចេញពីក្លឹប Mango បណ្តាលឲ្យរងរបួសទាំង២នាក់ នៅជិតធនាគារកាណាឌីយ៉ា ត្រង់ចំណុចច្រកផ្ញើរថយន្តក្រោមដី ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់អោយដឹងថា ករណីនេះអាចផ្តើមចេញពីរឿងគំនុំ ក៏ដោយសារតែក្រុមខ្មាន់កាំភ្លើង ក្រោយបាញ់ប្រហារហើយ បានបើកម៉ូតូគេចខ្លួនបាត់ស្រមោល មិនបានប្លន់យកទ្រព្យសម្បត្តិនោះទេ។
បើតាម នារីរងគ្រោះម្នាក់ឈ្មោះ ស៊ន បូលីន អាយុ២៨ឆ្នាំ ដែលរងរបួសស្រាល នៅក្នុងហេតុការណ៍បាញ់ប្រហារខាងលើនេះ បានប្រាប់អោយដឹងថា មុនកើតហេតុ ពួកគេទាំង២នាក់បានបើកឡានមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2X-8883 ចេញពីក្លឹបកំសាន្ត Mango នៅក្នុងខណ្ឌចំការមន គោលបំណងទៅផ្ទះ។
ប្រភពដដែលបានបន្តទៀតថា ខណ:ដែលកំពុងបើករថយន្តតាមមហាវិថីព្រះសីហនុ មកដល់ចំណុចកើតហេតុ ក៏មានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង មិនចាំម៉ាកបានបាញ់ប្រហារមកលើរថយន្តពួកគេបណ្តាលរងបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ។
បន្ទាប់ពីបាញ់រះហើយ នារីរងគ្រោះទាំង២នាក់ បានព្យាយាមបើករថយន្តរត់ តែខណ:កំពុងបើករថយន្តរត់បានប្រមាណជា៣០០ម៉ែត្រ ស្រាប់តែជនសង្ស័យទាំង២នាក់នោះ មិនអស់ចិត្តបានជិះម៉ូតូតាមបាញ់រះមកលើរថយន្តម្តងទៀតរួចហើយជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុជនរងគ្រោះទាំង២ខាងលើបានបើករថយន្តទៅមន្ទីរពេទ្យដោយខ្លួនឯងដើម្បីឲ្យពេទ្យព្យាបាលរបួស ៕ ស រស្មី