ព័ត៌មានទាន់ហេតុការណ៍៖

ប្អូនថ្លៃកាប់បងថ្លៃស្លាប់ក្នុងពិធីមង្គលការដោយទាស់ពាក្យសម្តីតិចតួច

ចែករំលែក៖

ខេត្តព្រៃវែង៖ ឥទ្ធិពលស្រាធ្វើឲ្យប្អូនថ្លៃចិត្តខ្លាំងលបកាប់បងថ្លៃស្លាប់ពេលបញ្ជូនមកមន្ទីរពេទ្យ ព្រោះតែទំនាស់ពាក្យសម្តីបន្តិចបន្តួចក្នុងពិធីអាពាហ៍ពិពាហ៍ប្អូនថ្លៃអ្នកទាំងពីរ ។ ទីបំផុតម្នាក់ស្លាប់ ម្នាក់រត់ចោលស្រុក រីឯរោងការត្រូវជំនួសភ្លាមៗដោយរោងបុណ្យនៅក្បែរគ្នានោះ។

បុរសជាប្អូនថ្លៃបានកាប់បងថ្លៃរបស់ ខ្លួន៣កាំបិតផ្គាក់បណ្តាលឲ្យរងរបួស យ៉ាងធ្ងន់ធ្ងរ ហើយបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯរាជធានី ភ្នំពេញ រីឯជនដៃដល់បានរត់គេចបាត់។ ហេតុការណ៍នឹកស្មានមិនដល់នេះបាន កើតឡើងកាលពីវេលាម៉ោង១០និង៣០ នាទីយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុង ភូមិគាំប្រដឺស ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

លោកវរសេនីយ៍ទោ អ៊ុង ផាន អធិការ នគរបាលស្រុកស្វាយអន្ទរបានឲ្យដឹងថា ករណីខាងលើគឺផ្តើមចេញពីការទាស់ពាក្យ សម្តីគ្នារវាងជនរងគ្រោះឈ្មោះ ម៉ៅ សុខ សំណាង ភេទប្រុស អាយុ៤២ឆ្នាំ មានស្រុក កំណើតនៅខេត្តក្រចេះបច្ចុប្បន្នបានមក រស់នៅខាងប្រពន្ធនៅក្នុងភូមិ-ឃុំកើតហេតុ ខាងលើជាមួយជនបង្កឈ្មោះ វ៉ន វន្នី ភេទ ប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិ-ឃុំជាមួយ គ្នា និងត្រូវជាប្អូនថ្លៃរបស់ជនរងគ្រោះ។

លោកអធិការបានបន្តឲ្យដឹងទៀតថា ជម្លោះពាក្យសម្តីរវាងជនរងគ្រោះនឹងជនសង្ស័យបានកើតឡើងក្នុងពិធីរៀបមង្គលការរបស់ប្អូនថ្លៃម្នាក់ទៀតរបស់អ្នកទាំង២នៅក្នុងភូមិដំរីពួន ឃុំដំរីពួន ហើយក្រោយមកជនរងគ្រោះបានត្រឡប់មកផ្ទះវិញក៏ត្រូវ ជនបង្កលបកាប់៣កាំបិតផ្គាក់ផុងលលាដ៍ ក្បាល ហើយបានស្លាប់នៅពាក់កណ្តាល ផ្លូវពេលបញ្ជូនទៅសង្គ្រោះនៅរាជធានី ភ្នំពេញ។

ស្ត្រីឈ្មោះ យឹម ជាកា អាយុ៣២ឆ្នាំ ជា ប្រពន្ធជនរងគ្រោះបានឲ្យដឹងថា ប្តីរបស់គាត់ក្រោយពីទាស់ពាក្យសម្តីគ្នាជាមួយប្អូន ថ្លៃគាត់និងមិត្តភក្តិបងប្អូនបាននាំគ្នារាំលេង សប្បាយធម្មតា លុះដល់ម៉ោងប្រហែល ជាង១០យប់ ប្តីគាត់បានត្រឡប់មកផ្ទះវិញ និងបានចូលទៅផ្ទះបាយដើម្បីធ្វើសាច់ក្លែម ឲ្យមិត្តភក្តិ និងបងប្អូនដែលមកពីរោងការជាមួយគ្នាហូបលេងបន្តក៏ត្រូវជាប្អូនថ្លៃ លបកាប់ចំក្បាល៣កាំបិតផ្គាក់ផុងលលាដ៍ រងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវក្រុមគ្រួសារសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅភ្នំពេញ តែ ដោយរបួសធ្ងន់ធ្ងរពេកជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់នៅពាក់កណ្តាលផ្លូវតែម្តងទៅ។

នគរបាលបានបញ្ជាក់ថា ក្រោយពេល លបកាប់បងថ្លៃរួចប្អូនថ្លៃបានរត់គេចខ្លួនបាត់ស្រមោល។ តែទោះជាយ៉ាងណាសមត្ថ កិច្ចនឹងស្រាវជ្រាវរុករកតាមចាប់ជនបង្ក ខាងលើយកមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន ៕ ហេង នរិន្ទ្រ

prv


ចែករំលែក៖