ខេត្តរតនគិរី៖ មានករណីគ្រោះ ថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតបើកបរបញ្ច្រស់ទិសគ្នា កាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នៅត្រង់ចំណុចអង្តែន០១១ តាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតនៅក្នុងភូមិ ប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុក អូរយ៉ាដាវ ខេត្ត រតនគិរី។
នគរបាលស្រុកអូរយ៉ាដាវបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប្រាក់ ដុំ ភេទប្រុសអាយុ៣០ ឆ្នាំជនជាតិខ្មែរ រងរបួសធ្ងន់បាក់ជើងខាងឆ្វេង ជិះម៉ូតូកែច្នៃ អត់ស្លាកលេខ។ ចំណែករថយន្តបង្កម៉ាកបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AI.9455 បើកបរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ក៏ជ្រុលចង្កូតទៅបុកម៉ូតូកំពុងជិះបញ្ច្រសទិសគ្នាបណ្តាលឲ្យរងរបួសធ្ងន់ ។
ក្រោយពីកើតហេតុអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ។
ក្រោយពីកើតហេតុនគរបាលមូលដ្ឋានបានចុះមកអន្តរាគមន៍ នឹងធ្វើការវាស់វែង រួចហើយដឹកជនរងគ្រោះទៅកាន់មន្ទីពេទ្យបង្អែកខេត្ត។
បច្ចុប្បន្នវត្ថុតាងទាំង២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវរងចាំភាគីទាំងសងខាងធ្វើការដោះស្រាយគ្នាជាក្រោយ ៕ វុទ្ធឦសាន