ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ៖ សម្រាប់ឆ្នាំ២០១៧នេះ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវ សម្រេចជ្រើសយកចំណុចអាទិភាពចំនួន៦ចំណុច ដែលអាជ្ញាធរត្រូវ អនុវត្តន៏ ក្នុងផែនការ អភិវឌ្ឍន៏សម្រាប់ឆ្នាំ២០១៧ ក្នុងទិសដៅជុំរុញឲ្យរាជធានីភ្នំពេញ ឲ្យ មានភាពល្អ ប្រសើរ និងរីកចម្រើន ទៅថ្ងៃអនាគត ។ អាទិភាពទាំង៦ចំណុចនោះ គឺ ទី១ បញ្ហាលុបបំបាត់គ្រឿងញៀន ,ទី២ រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ, ទី ៣ បញ្ហាដឹកជញ្ជូនសាធារណៈ ,ទី៤ចរាចរណ៏,ទី៥បញ្ហាទឹកស្អាត ,អគ្គិសនី និងទី៦ បញ្ហា លំនៅឋាន និងបរិស្ថាន ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលអនុវត្តការងារឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ របស់រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី ២៥ មករា២០១៧ ។
សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ៖ ក្រោមការដឹកនាំផ្ទាល់ របស់រាជរដ្ឋាភិបាល និងក្រសួងមហា ផ្ទៃ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្ដ ខិតខំជំនះពុះពាររាល់ការ លំបាក ស្មុគស្មាញ និងអនុវត្ត គ្រប់វិធានការ ពិសេសការចាត់តាំង អនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ពិសេស លប់បំបាត់ គ្រឿង ញៀន ឲ្យបានកាន់តែល្អប្រសើរ ក្នុងគោលបំណង ធានាបានសភាពការណ៍ សន្តិសុខ សុវត្ថភាពទូទៅជូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ និងនៅទូទាំងប្រទេសផងដែរ ។
សម្ដេច ក្រឡាហោម ស ខេង បានបន្ដថា ៖ ដើម្បីបន្ដសកម្មភាព លុបបំបាត់ រាល់សកម្មភាព អំពើ ភេរវកម្ម អំពើប្លន់ប្រដាប់អាវុធ ក្មេងទំនើង និងគ្រឿងញៀនអាជ្ញាធរ សមត្ថកិច្ច ពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ បង្ក្រាប ឲ្យបានជាបន្តបន្ទាប់ ផ្តល់នូវភាពកក់ក្តៅ ដល់ប្រជាជន វិនិយោគិន និងភ្ញៀវទេសចរ ។ សភាពការណ៍ សន្ដិសុខ សណ្ដាប់ធ្នាប់ សាធារណៈ នាពេលបច្ចុប្បន្ន ពិជាបាន ផ្តល់នូវភាពអនុគ្រោះដល់ការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលឲ្យទទួលបានជោគជ័យ ពិសេសការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ លូ ស្ពាន សួនច្បារ សំណង់អគារខ្ពស់ៗទីក្រុងរណប និងការងើបឡើងវិញ នៃទីផ្សារអចលនទ្រព្យ នៅរាជធានីភ្នំពេញ ដោយរួមចំណែក យ៉ាងសកម្ម ក្នុងការជំរុញកំណើន សេដ្ឋកិច្ចជាតិ ការរក្សាស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ សុខុមាលភាព របស់ប្រជាជន។
លោកប៉ា សុជាតិវង្ស បានបញ្ជាក់ថា ៖ ទន្ទឹមនឹងលទ្ធផល ដែលសម្រេច បានខាងលើនេះ រាជធានីភ្នំពេញក៏នៅមានបញ្ហា ប្រឈមចំនួន៦ចំណុចដែលមានភាពស្មុគ ស្មាញ និងជាបញ្ហាប្រឈម ដែលអាជ្ញាធរត្រូវប្រមូលផ្តុំដើម្បីរួមគ្នាធ្វើការដោះស្រាយឲ្យបានល្អប្រសើរឡើង នាពេលខាងមុខ ។
លោកបន្ដថា៖ បញ្ហាប្រឈមចំនូន៦ចំណុច នោះមាន៖ ទី១.បញ្ហាសន្តិសុខភាព និងសណ្តាប់ធ្នាប់សង្គម ពិសេសករណីប្លន់ប្រដាប់អាវុធ ក្មេងទំនើង និងគ្រឿងញៀ នៅតែជាចំណុចក្តៅ របស់រាជធានីភ្នំពេញ ទី២. បញ្ហាចរាចរណ៍ និងសណ្តាប់ធ្នាប់ តាមដងផ្លូវ នៅតែជាបញ្ហាចោទ អាស្រ័យដោយកំណើន យ៉ាងឆាប់រហ័ស នៃមធ្យោបាយយានយន្ត និងប្រជាជន ទី៣. បញ្ហាគ្រោះអគ្គិភ័យ នៅតែជាកង្វល់ដ៏ធំ របស់សមត្ថកិច្ចគ្រប់ថ្នាក់ និងប្រជាពលរដ្ឋ ទី៤.បញ្ហាដីធ្លី លំនៅដ្ឋាន និងរិស្ថានក៏នៅតែចោទ អាស្រ័យដោយកំណើនយ៉ាងឆាប់រហ័សនៃប្រជាជន ទី៥. ប្រព័ន្ធដឹកជញ្ជូននិងប្រព័ន្ធផ្លូវ ក្នុងរាជធានីភ្នំពេញមិនទាន់បានឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងចំណុចទី៦. កង្វះប្រព័ន្ធបណ្តាញអគ្គិសនី និងបណ្តាញទឹកស្អាត សម្រាប់ប្រជាពលរដ្ឋ ប្រើប្រាស់នៅតាមបណ្តាសង្កាត់ ដែលនៅជាយរាជធានី ៕ សំរិត