ខេត្តកោះកុង ៖ លោកគយចល័តបានចាប់រថយន្តនគរបាលអន្តោប្រវេសន៍ច្រក ចាំយាមបង្កឲ្យភ្ញាក់ផ្អើល កាលពីយប់ថ្ងៃ ទី២៥ ខែមករា ឆ្នាំ២០១៧ ។
ក្រុមគយចល័តមានរថយន្ត២គ្រឿងបានស្ទាក់ចាប់រថយន្តលោក នាយរងនគរបាលប៉ុស្តិ៍អន្តោប្រវេសន៍ច្រកចាំយាមហើយ ឆែកឆេររកបទល្មើសសេដ្ឋកិច្ច (ទំនិញខុស ច្បាប់)តែរកមិនឃើញបានត្រឹមតែសុំទោសមួយម៉ាត់តែប៉ុណ្ណោះ ។ ករណីនេះត្រូវបាន អ្នកស្រុកនិយាយថា ហាក់បីដូចជាមានការកុងកាច់គ្នាតែម្តង ។
ករណីនេះបានកើតឡើងនៅវេលាម៉ោង៦ និង២០នាទីល្ងាច ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នៅចំណុចមុខបន្ទាយ នគរបាលអន្តោប្រវេសន៍ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លងស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅចម្ងាយប្រមាណ៥០០ម៉ែត្រពី ច្រកទ្វារអន្តរជាតិចាំយាម ។
រថយន្តមន្ត្រីនគរបាលអន្តោប្រវេសន៍ ម៉ាកហាយឡេនឌ័រ ពាក់ស្លាកលេខ 2T-7419 ពណ៌ខ្មៅ បើកបរដោយ លោក វរសេនីយ៍ត្រី មាស អេលីន ជាម្ចាស់រថយន្ត និងមានអ្នករួមដំណើរម្នាក់ គឺលោកវរ សេនីយ៍ទោ ចិន សុវណ្ណ ទាំង២នាក់ជានាយរងប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិចាំយាម ។ ពេលរថយន្តខាងលើបើកចេញពីច្រកទ្វារអន្តរជាតិបានចម្ងាយប្រមាណ ៥០០ម៉ែត្ររៀបនឹងបត់ចូលបន្ទាយរបស់ ខ្លួន ស្រាប់តែមានរថយន្ត១គ្រឿងម៉ាក MAROK ពីរបាំង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AA-3383 បើកមក ឈប់ស្ទាក់មុខរថយន្តនគរបាល និងរថយន្ត ម៉ាកកាមរី (ស៊េរីឆ្នាំ២០០៧) មួយគ្រឿងទៀតពាក់ស្លាកលេខ 2AA-4689 ពណ៌ ទឹកមាស បើកមកបិទគូថពីក្រោយធ្វើឲ្យ មន្ត្រីនគរបាលទាំង២នាក់ភ័យស្លន់ស្លោ និងភ្ញាក់ផ្អើលដល់អ្នករស់នៅជិតខាងកន្លែង កើតហេតុមកចោមរោមមើលកុះករ ។
បន្ទាប់មកស្រាប់តែឃើញមន្ត្រីដែលមានឯកសណ្ឋានជាសមត្ថកិច្ចគយចូលមកព្រោងព្រាតជួបមន្ត្រីនគរបាលជាម្ចាស់រថ យន្តហើយប្រាប់ថា ពួកគេជាសមត្ថកិច្ចគយ សុំឆែកឆេររថយន្ត ព្រោះមានកម្លាំងសម្ងាត់រាយការណ៍ថា រថយន្តនេះមានដឹកទំនិញ គេចពន្ធ ។
បន្ទាប់ពីបានស្ទាក់រថយន្តជាប់ភ្លាម ក៏ធ្វើឲ្យមានទំនាស់ពាក្យសំដីគ្នាអស់រយៈពេលជិត២ម៉ោង ដោយសមត្ថកិច្ចនគរបាលខាងភាគីម្ចាស់រថយន្តសុំឲ្យមានការចូលរួមពីព្រះរាជអាជ្ញាទើបអនុញ្ញាតឲ្យឆែកឆេរ ហើយនៅវេលាម៉ោង៧និង៥០នាទីយប់ ទើបគេឃើញវត្តមានលោក អីុវ ត្រាយ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តទៅ ចូលរួម ។
លោកព្រះរាជអាជ្ញារងបានបើកឆែក ឆេរ ដោយមានការចូលរួមទាំងភាគីម្ចាស់ រថយន្ត និងសមត្ថកិច្ចគយ ព្រមទាំងមហាជនចោមរោមមើលយ៉ាងច្រើនកុះករ ប៉ុន្តែ ក្រោយពីឆែកឆេរ គឺអត់ឃើញមានទំនិញអ្វី គួរឲ្យកត់សម្គាល់ថា ជាមុខទំនិញគេច ពន្ធឡើយ ក្រៅតែពីទឹកក្រូចកំប៉ុង៤យួរ ស្រាបៀរសិង្ហ១កេស នំស្រួយ៤ធុង ប្រេង ឆា១ដប ត្រីខ៤កំប៉ុង និង មីសួ៤កញ្ចប់ ដែលមន្ត្រីនគរបាលទាំង២នាក់ទិញមកទុកហូបតែប៉ុណ្ណោះ ។
មន្ត្រីនគរបាលអន្តោប្រវេសន៍ជាច្រើន រូបបានរិះគន់ថា កាយវិការនេះជាទង្វើមាក់ ងាយមកលើមន្ត្រីក៏ដូចជាស្ថាប័នសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ទាំងមូលដែលមានសមត្ថកិច្ចឈរជើងនៅច្រកទ្វារព្រំដែនអន្តរជាតិផងដែរ ។ នៅមានមុខទំនិញជាច្រើន ដែលសមត្ថកិច្ចនគរបាលមើលឃើញថា គេចពន្ធ ឬបង់ពន្ធមិនគ្រប់ហើយ សមត្ថ កិច្ចគយមិនចាប់ទៅវិញ ។
លោក សំ កុសល ប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង បាននិយាយនៅ វេលាកើតហេតុនោះថា ការស្ទាក់ចាប់រថយន្តខាងលើនេះពុំមែនជាសមត្ថកិច្ចរបស់ លោកទេ គឺជាក្រុមមន្ត្រីគយចល័តតំបន់ ដែលឈរជើងនៅចំណុចផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្លូវបំបែកស្រែអំបិល ។
ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង អីុវ ត្រាយ ភាគីទាំង២ក៏បាន បញ្ចប់បញ្ហានេះតែម្តងទៅ ៕ ហេង នរិន្ទ្រ