ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធប្រេស៊ីល Alexandre Pato យល់ព្រមផ្លាស់ពីអេស្ប៉ាញទៅចិន

ចែករំលែក៖

ខ្សែប្រយុទ្ធ Alexandre Patoបានក្លាយទៅជាកីឡាករល្បីឈ្មោះមួយរូបទៀត ដែលបានយល់ព្រម ផ្លាស់ទៅលេងបាល់ទាត់នៅក្នុងក្របខ័ណ្ឌរបស់ប្រទេសចិន។

កីឡាករវ័យ២៧ឆ្នាំរូបនេះទើបតែផ្លាស់មកលេងនៅប្រទេសអេស្ប៉ាញដោយចូលរួមក្រុម Villarreal កាលពីឆ្នាំមុនប៉ុណ្ណោះ។ តែពេលនេះគាត់បានសម្រេចចិត្តទៅលេងឲ្យក្រុម Tianjin Quanjia នៅក្នុងក្របខ័ណ្ឌចិន Super League សម្រាប់រដូវកាលថ្មី។

គួររំលឹកថា Alexandre Pato បានចុះហត្ថលេខាមកលេងឲ្យក្លិបAC Milanរបស់អ៊ីតាលីចាប់តាំងពី អាយុមិនទាន់១៨មកម្ល៉េះ ហើយត្រូវបានជ្រើសរើសជាកីឡាករ លេងល្អបំផុតប្រចាំទ្វីបអឺរ៉ុបក្នុងឆ្នាំ២០០៩ ។

Pato នឹងធ្វើដំណើរទៅកាន់ប្រទេសចិនលេងជាមួយនឹងខ្សែបម្រើអន្តរជាតិអាហ្សង់ទីន Alex Witsel ក្រោមការដឹកនាំរបស់លោក Fabio Cannavaro អតីតខ្សែការពារជម្រើសជាតិអ៊ីតាលីដែលធ្លាប់ឈ្នះជើងឯក World Cup។

បច្ចុប្បន្នតារាបាល់ទាត់ល្បីៗនៅចិនមានដូចជាកីឡាករ Oscar និង Hulk លេងឲ្យក្លិប Shanghai SIPG, កីឡាករ Carlos Tevez លេងឲ្យក្លិប Shanghai Shenhua, កីឡាករ Ramires លេងឲ្យក្លិប Jiangsu Suning និងកីឡាករ Graziano Pelle លេងឲ្យក្លិប Shandong Luneng ៕ ដេវីត

 

sse

 


ចែករំលែក៖