ព័ត៌មានទាន់ហេតុការណ៍៖

បងប្អូនខ្មែរឥស្លាមចំនួន២៥៥គ្រួសារបានទទួលអំណោយមនុស្សធម៌របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង

ចែករំលែក៖

 
ខេត្តកំពង់ឆ្នាំង ៖ប្រជាពលរដ្ឋបងប្អូនខ្មែឥស្លាមចំនួន២៥៥គ្រួសារ នៅភូមិអណ្តូងទ្រមូង ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានទទួលអំណោយរបស់លោកកុយ សុវណ្ណ ដែលជាអនុប្រធានក្រុមការងារចុះជួយស្រុកកំពង់ត្រឡាច ។ អំណោយទាំងនេះត្រូវបានលោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង និង លោកឧកញ៉ា កុយ សុវណ្ណ ក្រុមការងារថ្នាក់កណ្តាល និង ជាអនុប្រធានក្រុមការងារចុះជួយស្រុកកំពង់ត្រឡាចយកទៅចែកជូនកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ។

មានប្រសាសន៍នៅក្នុងឱកាសនោះ លោកឧកញ្ញ៉ា កុយ សុវណ្ណ បានគូសបញ្ជាក់ថា ដោយមើលឃើញពីការលំបាក ខ្វះខាតរបស់ប្រជាពលរដ្ឋខ្មែរឥស្លាម ក្រុមគ្រួសារលោក បានរោបចំថវិកាដើម្បីទិញអំណោយយកមកចែកជូនប្រជាពលរដ្ឋ ដើម្បីជួយបន្ធូនូវការលំបាករបស់ប្អូន ។

អំណោយដែលត្រូវចែកជូននាពេលនេះមានចំនួន២៥៥គ្រួសារគឺ ចែកដល់គ្រួសារបងប្អូនខ្មែរឥស្លាម ក្រីក្រ ពិការនិង ជនចាស់ជរាគ្មានទីពឹងដោយក្នុងមួយគ្រួសារៗទទួលបានមី២៥កញ្ចប់, អង្ក២០គីឡូក្រាម,ទឹកត្រី១យួរ និងថវិកា២ម៉ឺនរៀល។

លោកជំទាវបានបន្តថា៖ លោក ឧកញ៉ា កុយ សុវណ្ណក៏បានជួយសាងសង់របងព្រះវិហារខ្មែរឥស្លាមស្ថិតក្នុងភូមិអណ្តូងទ្រមូង បានចំនួន១១៧,៥ម៉ែត្រ លោកក៏បានសន្យាជួយសាងសង់បង្ហើយ របងព្រះវិហារជូនបងប្អូនឥស្លាមផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះលោកស្រីកែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង មកពីគណបក្សប្រជាជនកម្ពុជា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុកពីសំណាក់អគ្គមហាសេនាពញាចក្រីហេងសំរិនប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលកន្លងមកជានិច្ចកាលសម្តេចតែងតែបាន គិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទាំងនៅទីក្រុង និងជនបទ ទីណាមានការលំបាកទីនោះមានវត្តមានថ្នាក់ដឹកនាំជានិច្ច ក្នុងការជួយផ្គត់ផ្គង់ ដើម្បីកាត់បន្ថយការលំបាក ។

លោកស្រីបានមានប្រសាសន៍បញ្ជាក់ទៀតថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នាពេលបច្ចុប្បន្ន ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងកំពុងដំណើរការអភិវឌ្ឍន៍ជាបន្តបន្ទាប់លើគ្រប់វិស័យ ចាប់តាំងពីទីក្រុងរហូតដល់ជនបទ ។

នៅក្នុងរយៈពេលដ៍ខ្លីខាងមុខនេះ គឺប្រទេសកម្ពុជានឹងរៀបចំនូវការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់របស់ខ្លួន ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋក្នុងការចូលរួមបោះឆ្នោតនេះ ប្រជាពលរដ្ឋត្រូវត្រៀមឯកសារសំខាន់ៗ ដែលកំណត់ដោយគណកម្មាធិការរៀបចំការ បោះឆ្នោត ដូចជាអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួន និង ឯកសារផ្សេងៗទៀត ។

នៅក្នុងថ្ងៃដដែលនេះដែរ លោកស្រី កែ ច័ន្ទមុនី និង លោកឧកញ្ញា កុយ សុវណ្ណ បានចុះសួរសុខទុក្ខ លោក អ៊ិន ឃឿន មេឃុំពានី ដែលកំពុងមានជំងឺ និង សួរសុខទុកស្រ្តីពិការ និង គ្រួសារក្រីក្រដែលជួបការលំបាកខ្លាំងផងដែរ ពេលនោះក្រុមការបានសម្រេចជួយសង់ផ្ទះមួយខ្នង ដែលឧបត្ថម្ភដោយ លោកឧកញ្ញ៉ា កុយ សុវណ្ណ ៕ ចន្ថា

ae (1) ae (2) ae (3) ae (4) ae (5)


ចែករំលែក៖