ភ្នំពេញ ៖ ម៉ូតូមួយគ្រឿងដោតសារតែ ជិះលឿនពេកចាប់ហ្វ្រាំងមិនទាន់ ខណៈកំពុងតែស្ទះចរាចរណ៍ ក៏ជ្រុលទៅកម៉ូតូមួយគ្រឿង ដែលនៅខាងមុខ ហើយរុញបន្តទៅបុករថយន្តមួយគ្រឿងទៀតចំពីក្រោយបង្កការខូចខាត តែមិនមានរងរបួសដល់ភាគីខាងណានោះឡើយ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៩ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចមុខព្រះវិហារចិន ស្ថិតតាមបណ្ដោយមហាវិថី សហពន្ធរុស្សី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ ខណៈផ្លូវកំពុងតែស្ទះចរាចរណ៍ ពេលនោះក៏មានម៉ូតួបង្កមួយគ្រឿងម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ជិះដោយបុរសម្នាក់តាមផ្លូវខាងលើក្នុងល្បឿនលឿន លុះមកដល់ចំនុចកើតហេតុ ដោយសារតែម៉ូតូជិះលឿនពេក ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកពីក្រោយម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ អត់ពាក់ស្លាកលេខ ហើយរុលទៅបុកគូទរថយន្តមួយគ្រឿងទៀត ម៉ាកតូយូតាកូរូឡា ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AL 1308 ជិះដោយមួយគ្រួសារ៣នាក់ កំពុងតែបើកយឺតៗ ដោយសារតែផ្លូវស្ទះចរាចរណ៍ផងនោះ បណ្ដាលឲ្យរងការខូចខាត បែកកាងក្រោយ និងបែកស្តុបចំហៀងខាងឆ្វេង តែសំណាងល្អមិនមានការរងរបួសដល់ម្ចាស់ម៉ូតូ ក៏ដូចជាម្ចាស់រថយន្តនោះទេ ។
ក្រោយពេលកើតហេតុខាងម្ចាស់ម៉ូតូបង្កដោយភ័យខ្លាំងពេក ទើបរត់ចោលម៉ូតូបាត់ស្រមោល នៅសល់តែថយន្ត និងម៉ូតូរងគ្រោះ និងកន្លែងកើតហេតុតែប៉ុណ្ណោះ ហើយខាងសមត្ថកិច្ចចរាចរណ៍ខណ្ឌសែនសុខបានចុះមកដល់ចំណុចកើតហេតុបានវាស់វែង និងអូសម៉ូតូនិងរថយន្តទាំងអស់យកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខ រង់ចាំការដោះស្រាយនៅពេលក្រោយ ៕ តុង សីហា