ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក វេង ហ៊ត បានប្រកាសសាលក្រមកាលពីព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ ផ្ដន្ទាទោសអតីតបុគ្គលិកក្រុមហ៊ុនទឹកសុទ្ធម្នាក់ ជាប់ទោស ៥ឆ្នាំ តែទោសនេះត្រូវបានបន្ធូរបន្ថយតម្រូវឲ្យអនុវត្តក្នុងពន្ធនាគារត្រឹម៦ខែប៉ុណ្ណោះ ដើម្បីឲ្យគេបានរៀបការជាមួយគូស្នេហ៍ជាដើមបណ្តឹង ដែល ជនជាប់ចោទក្នុងសំណុំរឿងនេះឈ្មោះ ហេង សុផាណា អាយុ២៦ឆ្នាំ ពាក់ព័ន្ធបទល្មើសចាប់រំលោភសេពសន្ថវៈក្មេងស្រីជាអនីតិជន ។
សាលក្រមបានបញ្ជាក់ថា ការផ្ដន្ទាទោសត្រឹមរយៈពេលនៃការឃុំខ្លួនបណ្ដោះអាសន្ននេះ គឺដើម្បីផ្ដល់ឱកាសឲ្យជនជាប់ចោទបានរួចចេញពីការឃុំខ្លួន និងបានរៀបការជាមួយយុវតីដែលពួកគេស្រឡាញ់គ្នា ព្រោះថាយុវតីរងគ្រោះមានផ្ទៃពោះ ហើយឪពុកម្ដាយទាំងសងខាងសុទ្ធតែចង់ឃើញមុខចៅ ដោយមានឪពុកម្ដាយគេនៅជាមួយ ។
លោកចៅក្រមបញ្ជាក់ថា ក្នុងសវនាការកន្លងមក (ជំនុំជំរះអសាធារណៈ) ជនជាប់ចោទបានសារភាពពីកំហុសរបស់ខ្លួន ។ ឯសមត្ថកិច្ចដែលប្រតិបត្តិការក្នុងសំណុំរឿង នេះក៏បានរំលឹកថា ជនសង្ស័យ ហេង សុផាណា បានសារភាពពីការរួមភេទជាមួយអនីតិជននៅក្នុងក្រុមហ៊ុនច្រើនដងបណ្ដាលឲ្យយុវតីមានផ្ទៃពោះ ។ ក្នុងនោះក្រោយបែកការណ៍ អាណាព្យាបាលក្មេងស្រីរងគ្រោះជាអនីតិជនមានខឹងសម្បារ ហើយបានប្ដឹងយុវជនឈ្មោះ ហេង សុផាណា រហូតដល់សមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកសាលាដំបូងធ្វើការចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ ។
ដោយយល់ឃើញថា អាណាព្យាបាលក្មេងស្រីរងគ្រោះ និងអាណាព្យាបាលជនជាប់ចោទ បានសម្របសម្រួលគ្នាដោយសុឆន្ទៈ និងព្រមព្រៀងដកពាក្យឈប់ប្ដឹងដើម្បីទុកឱកាសឲ្យពួកគេបានរៀបការជាមួយគ្នាកសាងគ្រួសារមួយថ្លៃថ្នូរដូចគេដូចឯងក្នុងសង្គមផងនោះ ទើបតុលាការសម្រេចបន្ធូបន្ថយទោសដល់គូស្នេហ៍យុវ័យ១គូនេះ ៕ ប្រាថ្នា