ខេត្តពោធិ៍សាត់៖ យ៉ាងហោចមានមនុស្សប្រុសចំនួន២នាក់ បានបាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកម៉ូតូ និងជិះម៉ូតូបុកគោយន្ត នៅស្រុកបាកាន។
បើតាមការបញ្ជាក់ឲ្យដឹងនូវតាមទូរស័ព្ទនារៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ ពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងខ្នារថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើដោយជិះម៉ូតូបុកគោយន្ត បានកើតឡើងកាលពីវេលាម៉ោង១៧ និង១០នាទី ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវកៅស៊ូមួយ ស្ថិតក្នុងភូមិវត្តជ្រែ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយយុវជនម្នាក់ឈ្មោះ ភា ភីរុម អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ-ឃុំមុខរៀ ស្រុករុក្ខគីរី ខេត្តបាត់ដំបង ជិះម៉ូតូម៉ាក MSX ពណ៏ក្រហម ពាក់ស្លាកលេខ ពោធិសាត់ 1G 8338 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះទៅដល់ចំណុចកើតហេតុផ្លូវក៍កោងផងនោះក៍បានជ្រុលចង្កូតទៅបុកគោយន្តកន្រ្តៃ ខណៈកំពុងធ្វើដំណើរបញ្រ្ចាស់ទិសគ្នា (ត្បូងទៅជ្រើង) បណ្ដាលឲ្យភាគ្គីបើកបរម៉ូតូរងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត តែជាអក់សលក៍បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មនោះទៅ។
ប្រភពព័ត៌មានពីប៉ុស្តិ៍រដ្ឋបាលខាងលើបន្តថា វេលាម៉ោង១៦ និង២៥នាទី ថ្ងៃទី០៦ ខែ-ឆ្នាំដដែលនេះដែរ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១០-២១១ ស្ថិតក្នុងភូមិព្រៃស្វាយ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកទៀត ដោយបុរសម្នាក់ឈ្មោះ ធោម ប៉ោយ អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមឆ្កែខាំប្រឹស ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង ជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1k 3730 បានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានបុកម៉ូតូមិនស្គាល់ម៉ាក(គេចបាត់)០១គ្រឿងពីក្រោយ បណ្ដាលឲ្យដួលបោកក្បាលទៅនឹងថ្នល់របួសធ្ងន់ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗផងដែរ តែជាអកុសលក៏បានបាត់បង់ជីវិតដូចគ្នានិងយុវជនខាងលើ។
ប្រភពដដែលខាងលើបន្តទៀតថា វត្ថុតាងម៉ូតូបុកគោយន្តកន្រ្តៃ បានរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារនៅឡើយ ដើម្បីរង់ចាំជំនាញចាត់ចែងតាមបច្ចេកទេស ដោយឡែកម៉ូតូជិះបុកម៉ូតូពីក្រោយ ជំនាញបានចាត់ចែងប្រគល់ឲ្យក្រុមគ្រួសារជនរងគ្រោះ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ ៕ ប៉ឹម ពិន