ខេត្តកំពត៖ ប្រជានេសាទចំនួន៤០០គ្រួសារ រស់នៅភូមិដូងតោត ក្រុងកំពត បានលើកគ្នាមកមុខសាលាខេត្តកំពត ដើម្បីទាមទារឲ្យមន្ត្រីជលផល និងមន្ត្រីព្រំដែនទឹក ធ្វើការបញ្ឈប់សកម្មភាពនេសាទ របស់ទូកវៀតណាម ដែលចូលមកនេសាទខុសច្បាប់ក្នុងទឹកដីកម្ពុជាកាលពីរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ។
ប្រជានេសាទនិយាយថា មិនមែនទើបតែបច្ចុប្បន្ននេះទេ សមត្ថកិច្ចរដ្ឋបាលជលផល ក៏ដូចជាអាជ្ញាធរខេត្តកំពតឃុបឃិតជាមួយពួកឈ្មួញអ្នកនេសាទវៀតណាម អនុញ្ញាតឲ្យទូកនេសាទវៀតណាមចូលមកនេសាទក្នុងដែនទឹកខ្មែរ ។ ពេលខ្លះ ពួកអ្នកនេសាទវៀតណាមបានបង្កហិង្សាលើអ្នកនេសាទខ្មែរលើដែននេសាទខ្មែរថែមទៀតផង ។
លោក ស សារិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពតមិនអាចសុំការបំភ្លឺបានទេ ។ ប៉ុន្តែជារឿយៗលោកតែងនិយាយថា សមត្ថកិច្ចរបស់លោកបានខិតខំប្រឹងប្រែងក្នុងការបង្ក្រាបបទល្មើសទាំងនេះដែរ ប៉ុន្តែគ្មានកម្លាំងគ្រប់គ្រាន់ ។
នៅលើដែនសមុទ្រខេត្តកំពត មិនមែនតែបទល្មើសនេសាទដែលបង្កឡើងដោយទូកនេសាទវៀតណាមនោះទេ ការដឹកជញ្ជូនប្រែង និងទំនិញគេចពន្ធ ក៏កើតមានសន្ធឹកសន្ធាប់ណាស់ដែរ ។ អភិបាលខេត្តកំពតបច្ចុប្បន្ន ផ្តេកផ្តួលរមួលផ្សំគ្រេច ដើម្បីផលប្រយោជន៍ ។ ប្រជាពលរដ្ឋនិយាយថា គ្មានឃើញអ្វីជាស្នាដៃដុំកំភួន ដែលកើតដោយស្នាដៃលោកអភិបាលខេត្តសព្វថ្ងៃនេះឡើយ ។ គួរណាស់តែបង្ក្រាបបទល្មើសលើដែនទឹកឲ្យប្រជានេសាទបានឃើញផង ។
ប្រជានេសាទបានលើកឡើងថា ទីតាំងដែលមានក្រុមទូកនេសាទវៀតណាមចូលមកនេសាទ គឺនៅត្រង់ចំណុចខាងក្រៅភ្នំដូង នៃដែនសមុទ្រកម្ពុជា។
គួរបញ្ជាក់ថា សកម្មភាពតវ៉ារបស់ប្រជានេសាទ បានធ្វើឲ្យមានការកកស្ទះចរាចរយ៉ាងខ្លាំង ដោយក្រុមប្រជានេសាទបានយកទូកមកចតចោលនៅមុខសាលាខេត្ត ហើយបើសិនជាអាជ្ញាធរមិនមានដំណោះស្រាយទេ ពួកគាត់នឹងមិនទៅណាជាដាច់ខាត ៕ ហេង សូរិយា