លោក Andrew Puzder បក្ខភាពរដ្ឋមន្ត្រីពលកម្មរបស់ប្រធានាធិបតីដូណាល់ ត្រាំ បានដកខ្លួនចេញ មុនពេលត្រូវបានលោកត្រាំ តែងតាំង ដោយសារតែ តំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យប្រឆាំង ។
សារព័ត៌មាន CNN បានដកស្រង់សម្តីលោក Puzder បានបញ្ជាក់កាលពីថ្ងៃទី១៥ ខែកុម្ភៈ ថា «ក្រោយពេលពិភាក្សាជាមួយគ្រួសារ ខ្ញុំសូមដកខ្លួនចេញពីបេក្ខភាព រដ្ឋមន្ត្រីក្រសួងពលកម្ម » ។
ការដែលលោកត្រាំ ចង់ឲ្យ Andrew Puzder ធ្វើជារដ្ឋមន្ត្រីពលកម្ម ប៉ុន្តែរងការប្រឆាំងយ៉ាងខ្លាំងពីក្រុមតំណាងរាស្ត្រ មកពីគណបក្សប្រជាធិបតេយ្យ ដោយសារតែរូបលោកបានជួលអ្នកជួយការងារផ្ទះ គឺជាជនអន្តោប្រវេសន៍ គ្មានក្រដាសស្មាមគ្រប់គ្រាន់ ។
មិនត្រឹមតែប៉ុណ្ណោះ លោក Andrew Puzder ក៏មិនទទួលបានការគាំទ្រពីតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋដូចគ្នា ដោយកន្លងមក តំណាងរាស្ត្រជាច្រើនបានប្រកាសថា នឹងមិនបោះឆ្នោតគាំទ្រឡើយ ដោយសារតែលោកមិនមាន គោលជំហរច្បាស់លាស់ ។
អ្នកនាំពាក្យសេតវិមាន មិនបានវិភាគអ្វី ជុំវិញការដកខ្លួនរបស់លោក Puzder គ្រាន់តែនិយាយថា គាត់បានដកខ្លួន។ ចំណែកតំណាងរាស្ត្រ តំណាងឲ្យជនជាតិភាគតិច លោក Chuck Schumer បានចាត់ទុកការដកខ្លួនរបស់លោក Andrew Puzder គឺជាជ័យជំនះ របស់ពលករអាមេរិក ។
លោក Andrew Puzderជាបេក្ខភាព ដំបូងគេបង្អស់នៅក្នុងជួរគណៈរដ្ឋមន្ត្រីរបស់លោកត្រាំ បានប្រកាសដកខ្លួន មុនពេលសភាបោះឆ្នោតអនុម័ត។ កន្លងមក ទីព្រឹក្សាសន្តិសុខរបស់លោកត្រាំ បានលាលែងចេញពីតំណែង ដោយរឿងអាស្រូវពាក់ព័ន្ធនឹងទំនាក់ទំងជាមួយរុស្ស៊ី ៕ ម៉ែវ សាធី