ភ្នំពេញ ៖ បុរសម្នាក់ប្រកបរបរត់ម៉ូតូឌុប នៅពេលយប់ ហើយបានជួបនឹងក្រុមចោរមួយក្រុម បានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូ តែមិនបានសម្រេច បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២និង១០នាទីរំលោងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចខាងកើតស្តុបណតប្រ៊ីដ ប្រមាណជា១០០ម៉ែត្រ ស្ថិតតាមបណ្ដោយផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ សុខ គឹម សៀង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងភ្លើង និងឆ្លៀតរត់ម៉ូតូ ស្នាក់នៅម្ដុំវត្តអង្គតាមិញ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើត ភូមិព្រៃវែង ឃុំទ្រា ស្រុកបារាយ៍ ខេត្តកំពង់ធំ ។ ម៉ូតូដែលក្រុមចោរកាប់ប្លន់នោះ ម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BQ 6394 ។
ប្រភពពីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុរូបគាត់ ទើបតែឌុបម៉ូយមកពីផ្លូវសេះស ហើយក្រោយមក រូបគាត់បានជិះតាមផ្លូវ២០០៤វិញ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង១គ្រឿង ម៉ាកស៊ុយស៊ីគីនិច និង១គ្រឿងទៀត ម៉ាក Zoomer x មិនចាំស្លាកលេខ បានជិះមកពីក្រោយហើយបានធ្វើសកម្មភាពកាប់ គាត់ពីក្រោយចំស្មាខាងស្ដាំបណ្ដាលអោយគាត់ដួលម៉ូតូ ហើយភ្លាមនោះជនសង្ស័យបានប្រុងលើកម៉ូតូរបស់គាត់ជិះ តែពេលនោះ គាត់បានស្រែកហៅអោយអ្នករត់ម៉ូតូ ឮ ហើយអ្នករត់កង់បីដែលនៅម្ដុំនោះ បានមកជួយ ធ្វើឲ្យជនសង្ស័យឃើញ ភ័យនាំគ្នាឡើងជិះម៉ូតូចេញទៅបាត់អស់ ។
ក្រោយកើតហេតុ ក៏មានកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ ដែលល្បាតនៅម្ដុំនោះចុះមកជួយដឹកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសមះដើម្បីដេររបួស និងរង់ចាំដាក់ពាក្យបណ្ដឹងនៅពេលក្រោយ ៕ តុង សីហា
ជនរងគ្រោះមកសម្រាកនៅមន្ទីរពេទ្យ