ភ្នំពេញ: កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវ ធ្វើការឆ្មក់ចូលបង្ក្រាបទីតាំងកត់ឆ្នោតមួយកន្លែង កាលពីវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៧នេះ ស្ថិតនៅចំណុចតូបលេខអេស២ជាផ្ទះធ្វើអាជីវកម្មអ៊ីម៉ាន់នី វេរលុយ ផ្លូវបេតុង ក្រុម១៣ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយឃាត់បានស្ត្រីជាអ្នកកត់ឆ្នោតខ្មែរ-វៀតណាមម្នាក់ យកទៅសាកសួរ ។
មន្រី្តនគរបាលខណ្ឌឫស្សីកែវម្នាក់បានឲ្យដឹងថាជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ផៃ ភឿន ភេទស្រី អាយុ៤២ឆ្នាំ មុខរបរអ្នកកត់កន្ទុយលេខឆ្នោតខ្មែរនិងវៀតណាម មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ។
សមត្ថកិច្ចបានបន្តថានៅក្នុងប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចយើង បានសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលឬស្សីកែវ ព្រមទាំងប្រជាការពារសង្កាត់ និងដោយមានការសម្របសម្រួលពីលោក ស្រី ម៉ាក់នី ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញផងនោះ ទើប សមត្ថកិច្ចយើងបានបើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបទីតាំងកត់ឆ្នោត ខ្មែរ-វៀតណាមមួយកន្លែង ដោយឃាត់ខ្លួនបានស្ត្រីម្នាក់ដែលមានមេកត់ឆ្នោត និងបានដកហូតភស្តុតាងឯកសារនិងក្រដាសកត់ឆ្នោតមួយចំនួន។
ក្រោយពីការឃាត់ខ្លួនស្ត្រីខាងលើរួចមក សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យខាងលើ មកកាន់អធិការដ្ឋាន ដើម្បីធ្វើការសាកសួរ និងឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕ អរុណរះ