ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលស្រុកបារាយណ៍ចាប់ខ្លួនជនសង្ស័យចំនួន៧នាក់ ពាក់ព័ន្ធគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ធំ៖ ក្មេងប្រុស ស្រីចំនួន៧នាក់ ជាមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកបារាយណ៍ ឃាត់ខ្លួនបញ្ជូនទៅតុលាការ បន្ទាប់បានធ្វើសកម្មភាពលក់ចែកចាយនិងប្រើប្រាស់គ្រឿងញៀន នៅផ្ទះឈ្មោះហេងកន ភេទប្រុស អាយុ៥៧ឆ្នាំ កាលពីយប់ថ្ងៃទី១៨ ខែកុម្ភៈ នៅក្នុងភូមិសេរីចំប៉ា ឃុំជ្រលង ស្រុកបារាយណ៏ ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានថា មុខសញ្ញាខាងលើ កំពុងតែ ធ្វើសកម្មភាពចែកចាយ ពេលនោះសមត្ថកិច្ចស្រុកបារាយណ៏បានប្រមូលកម្លាំងសហការជាមួយនគរបាលប៉ុស្តិ៍ អណ្តូងពោធិ និងប៉ុស្តិជ្រលង ចុះទៅព័ទ្ធទីតាំងផ្ទះដែលជនសង្ស័យកំពុងរៀបចំលក់ចែកចាយ! ដោយលទ្ធផលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុស ស្រីចំនួន៧នាក់ និងរឹបអួសបានថ្នាំញៀ្នចំនួន១៥កញ្ចប់តូចទូរស័ព្ទដៃ៣គ្រឿង ថង់ពណ៍ខ្មៅ ក្រហម ស្វាយ ចំនួន៣និងឧបករណ៏ប្រើប្រាស់១ចំនួនទៀត។

លោកវរៈសេនីយ៍ត្រី កែ កញ្ចនា អធិការរងស្រុកបារាយបានឲ្យដឹងថា ជនសង្ស័យ៧នាក់នោះ ទី១ ឈ្មោះម៉ោង សុខម៉ាច ភេទប្រុស អាយុ២៧ឆ្នាំ ទី២ ឈ្មោះម៉ុល ស៊ីណាត ភេទស្រី អាយុ២២ឆ្នាំ ត្រូវជាប្រពន្ធ រស់នៅភូមិសេរីចំប៉ា ឃុំជ្រលង ស្រុកបារាយណ៍ ទី៣ ឈ្មោះ ណុបណយ ភេទប្រុស១៨ឆ្នាំ ជាអ្នកចែកចាយ ទី៤ឈ្មោះ ម៉ោង សុខមុំ ភេទប្រុស អាយុ២៣ឆ្នាំ ជាជំនួយការចែកចាយ ទី៥ ឈ្មោះជួប យ៉ា ភេទស្រី អាយុ២៣ឆ្នាំ នៅភូមិព្រៃទទឹង ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ទី៦ ឈ្មោះ ហេន ចាន់ធឿន ភេទស្រី អាយុ២០ឆ្នាំ នៅភូមិតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ទី៧ ឈ្មោះ ឃិន ស៊ីណាត ភេទស្រី អាយុ២៣ឆ្នាំ នៅភូមិស្វាបទាប ស្រុកចំការលើ ខេត្តកំពង់ចាម នារីបីនាក់នេះបម្រើការនៅKTV និងផ្ទះសំណាក់ឈ្មោះរិទ្ធរាជ នៅចំណុចវាលសសៃ ស្រុកបារាយណ៍ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ម៉ោង សុខម៉ាច បាននិយាយថា ខ្លួនគេពិតជាបានចែកចាយគ្រឿងញៀនមែន ចំណែកប្រពន្ធគេ និងមិត្តភក្តិ ជាអ្នកជួយការចែកចាយ។ ចំពោះនារីខារ៉ាអូរខេ បីនាក់ជាអ្នកប្រើប្រាស់ធម្មតា ។

ទោះបីជាយ៉ាងណាក៏ដោយ ជនសង្ស័យទាំង៧នាក់ខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់វិធានការបន្តតាមច្បាប់ ៕ ប៊ុន រិទ្ធី

 

loh (3) loh (2) loh (1)


ចែករំលែក៖