ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ដកហូតថ្នាំញៀន២១កញ្ចប់

ចែករំលែក៖

ខេត្តកណ្តាលៈ សមត្ថកិច្ចនគរបាលស្រុកអង្គស្នួលស្រាវជ្រាវបង្រ្កាបចាប់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ ធ្វើការឆែកឆេរលំនៅឋាន ដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន២១កញ្ចប់ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

ប្រតិបត្តិការនេះធ្វើឡើងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល និងសម្របសម្រួលនិតិវិធីច្បាប់ពីលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កាលពីវេលាម៉ោង០៨យប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិស្រែកណ្ដោល ឃុំម្កាក់ ស្រុកអង្គស្នួល ។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ តុប សុខម ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទី២-ឈ្មោះ វ៉ា កុសល់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។ ជនសង្ស័យទាំង២នាក់មានទីលំនៅភូមិស្រែកណ្ដោល ឃុំម្កាក់ ស្រុកអង្គស្នួល ។

ប្រភពដដែលបានបន្តថា បន្ទាប់ពីទទួលបានព័ត៌មានពីមហាជនល្អថានៅភូមិស្រែកណ្ដោល ឃុំម្កាក់ ស្រុកអង្គស្នួល មានក្រុមជនសង្ស័យធ្វើសកម្មភាពជួញដូរគ្រឿងញៀនរួចមក សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយនគរបាល ចុះធ្វើការស្រាវជ្រាវរហូតឈានបង្រ្កាបចាប់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងថ្នាំញៀនចំនួន០៣កញ្ចប់ ។

ប្រភពដដែលបានបន្តទៀតថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល និងសម្របសម្រួលនិតិវិធីច្បាប់ពីលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងនគរបាលបានបន្តធ្វើការឆែកឆេរលំនៅឋានជនសង្ស័យ ដកហូតបានថ្នាំញៀនចំនួន១៨កញ្ចប់បន្ថែមទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ

a580850c-39c7-4637-8989-7c2a55ca9c36 4ce7f419-6c62-4ed7-9119-0f8ff57837a9 7ad4f34e-56e9-4fc2-adcc-b915ab76d3d4 83b3aa31-3183-48a0-a7a0-62f7c5d192ea


ចែករំលែក៖