សារព័ត៌មាន Washingon Post កាលពីថ្ងៃទី១៩ ខែកុម្ភៈ បានដកស្រង់ប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភីបាលអាមេរិក បានឲ្យដឹងថា អាមេរិក នឹងស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់កូរ៉េខាងជើង ទៅកាន់អាមេរិកពិភាក្សាពីវិវាទរបស់ប្រទេសទាំងពីរ ។
នេះជាលើកទីមួយហើយ ដែលអាមេរិក និងកូរ៉េខាងជើង ពិភាក្សាគ្នានៅលើទឹកដីអាមេរិកផ្ទាល់ ក្នុងរយៈជាង៥ឆ្នាំកន្លងមក គឺចាប់តាំងពីលោកគីម ជុងអ៊ុន ឡើងកាន់តំណែងដឹកនាំកូរ៉េខាងជើង ។ កិច្ចពិភាក្សាខាងលើមានឈ្មោះថា «ផ្លូវលំ១.៥ » ធ្លាប់បានពិភាក្សានៅក្នុងប្រទេសម៉ាឡេស៊ី បែលហ្សិច អាល្លឺម៉ង់ ម៉ុងហ្គោលីជាដើម។
កិច្ចពិភាក្សាជាថ្មីនេះ ស្ថិតនៅក្នុងដំណាក់កាលត្រៀមលក្ខណៈ ។ ទីតាំងដែលត្រូវពិភាក្សាអាចស្ថិតនៅទីក្រុងញ៉ូវយ៉ក ហើយពេលវេលាពិភាក្សាអាចនឹង មួយ ឬពីរសប្តាហ៍ខាងមុខ។
អ្នកដឹកនាំគណៈប្រតិភូកូរ៉េខាងជើងទៅកាន់អាមេរិក គឺលោកស្រី Choe Son Hui អគ្គនាយកទទួលបន្ទុកបញ្ហាអាមេរិក របស់ក្រសួងការបរទេសកូរ៉េខាងជើង ។ លោកស្រី Choe Son Hui ធ្លាប់ចូលរួមពិភាក្សាជាមួយមន្ត្រីអាមេរិកជាច្រើនលើកមកហើយ ក្នុងនោះមានទាំងកិច្ចពិភាក្សា ៦ភាគី ស្តីពីកម្មវិធីបរមាណូផងដែរ ។ លោកស្រី Choe son Hui អាចទាក់ទងដោយផ្ទាល់ជាមួយលោកគីម ជុងអ៊ុន និងទទួលបទបញ្ជាពីលោកផ្ទាល់ នៅក្នុងកិច្ចពិភាក្សា។
សារព័ត៌មានរ៉យទ័របានផ្សាយថា ព័ត៌មានស្តីពីកិច្ចពិភាក្សាលើកនេះ បានបង្ហាញយ៉ាងច្បាស់ថា កូរ៉េខាងជើង មានបំណងចង់បង្កើនទំនាក់ទំនងជាមួយអាមេរិកឡើងវិញ ក្រោមការដឹកនាំរបស់លោកដូណាល់ ត្រាំ។
កាលពីសប្តាហ៍កន្លងមក កូរ៉េខាងជើងបានសាកល្បងកាំជ្រួចមីស៊ីលរយៈចម្ងាយមធ្យម ធ្វើឲ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងខ្លាំង ហើយបង្កើនការដាក់ទណ្ឌកម្មទៅលើប្រទេសនេះផងដែរ។
ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំធ្លាប់បានប្រកាសថា កូរ៉េខាងជើងគឺជាបញ្ហាក៏ធំ ហើយយើងនឹងទប់ទល់ដោយមិនមានការយោគយល់ឡើយ។
ពាក់ព័ន្ធនឹងការបាញ់មីស៊ីលនោះដែរ ចិនក៏មិនអាចនៅស្ងៀមទុកឲ្យសហគមន៍អន្តរជាតិ ថ្កោលទោសចិន ថា ជាអ្នកជួយដល់កម្មវិធីបរមាណូកូរ៉េខាងជើង ។ នៅពេលនេះ ចិនបានសម្រេចចូលរួមដាក់ទណ្ឌកម្មជាមួយសហគមន៍អន្តរជាតិ ។ កាលពីថ្ងៃ១៩ កុម្ភៈ ចិនបានប្រកាសផ្អាករាល់គ្រប់ការនាំចូលធ្យូងថ្មមកពីប្រទេសកូរ៉េខាងជើង ចាប់ពីថ្ងៃអាទិត្យទី ១៩ ខែកុម្ភៈ។
ក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ថា ការផ្អាកការនាំចេញ មានសុពលភាពភ្លាម និងរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ២០១៧។ ប៉ុន្តែក្រសួងមិនបានផ្តល់ហេតុផល និងការពន្យល់បំភ្លឺអ្វីទាំងអស់ទាក់ទងនឹងការសម្រេចចិត្តរបស់អាជ្ញាធរក្រុងប៉េកាំង។ បើតាមភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យ៉ុងហាប់ កាលពីសប្តាហ៍មុនបានគូសបញ្ជាក់ថា កាមីញ៉ុងដឹកធ្យូងថ្មមកពីកូរ៉េខាងជើងជាច្រើនត្រូវបានបណ្តេញចេញមិនឱ្យឡើងចតចូលកំពង់ផែចិនទេ។
វិធានការនេះធ្លាក់មក ក្រោយការបាញ់សាកល្បងមីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើងតែមួយសប្តាហ៍ប៉ុណ្ណោះ និងក្រោយពីក្រុមប្រឹក្សាសន្តិសុខបានចេញសេចក្តីថ្លែងការណ៍អំពាវនាវឱ្យសមាជិកក្រុមប្រឹក្សាទាំងអស់ប្រឹងប្រែងអនុវត្តទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង ។
សូមបញ្ជាក់ថា ចិនធ្លាប់បានប្រកាសកាលពីខែមេសា ឆ្នាំ២០១៦ថា នឹងផ្អាកការនាំចូលរ៉ែ ធ្យូងថ្មដើម្បីជាការអនុវត្តតាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្មលើរបបព្យុងយ៉ាងកុំឱ្យមានចំណូលទៅបំប៉នកម្មវិធីនុយក្លេអ៊ែរ។
កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ចិនក៏បានផ្អាកការនាំចូលរ៉ែធ្យូងថ្មពីព្យុងយ៉ាងម្តងរយៈពេល២០ថ្ងៃក្រោយពេលដែលក្រុមប្រឹក្សាសន្តិសុខចេញសេចក្តីសម្រេចចិត្តចង់កំរិតការនាំធ្យូងថ្មត្រឹម៤០០,៩លានដុល្លារក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០១៧ទៅ ពោលគឺ៦០%តិចជាងឆ្នាំ២០១៥។
នៅក្នុងឆ្នាំ២០១៦ កូរ៉េខាងជើងជាប្រទេសផ្គត់ផ្គង់រ៉ែធ្យូងថ្មឱ្យចិនលំដាប់ទីបួន ដោយបានលក់មកចិននូវធ្យូងថ្មប្រមាណ២២,១៨លានតោន ពោលគឺមានកំណើន១៤,៥% បើប្រៀបទៅនឹងឆ្នាំ២០១៥ ៕ ម៉ែវ សាធី