ខេត្តកំពង់ចាម: នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ អាជ្ញាធរស្រុកជើងព្រៃ លោក អូត សៀងលី បានចុះរកដំណោះស្រាយ រឿងទំនប់ទឹកនៅភូមិអន្លង់ជ្រៃ ដែលសហគមន៍អន្លង់ជ្រៃ បានបិទកាត់ស្ទឹង សម្រាប់ធ្វើជាផ្លូវឆ្លងកាត់ទៅមក ដែលបានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន៤ឃុំ នៅក្នុងស្រុកជើងព្រៃ ទទួលរងការជនលិចដីស្រែចំការរាប់ពាន់ហិចតា មិនបានបង្កបង្កើនផលអស់រយៈពេលជិត៤ឆ្នាំ អាជ្ញាធរទើបនឹងអើពើរកដំណោះស្រាយពេលនេះ ។
រយៈពេលបួនឆ្នាំមកនេះដែរអាជ្ញាធរមិនរកដំណោះស្រាយបានបណ្ដែតបណ្ដោយឲ្យសហគមន៍អន្លង់ជ្រៃ និងពលរដ្ឋរងគ្រោះបានចងកំហឹងដាក់គ្នា ដោយសារអត់ស្ពានកាត់ស្ទឹងឆ្លងកាត់ចេញចូលក្នុងភូមិ។
នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈនេះអាជ្ញាធរស្រុកបានចុះទៅសម្របសម្រួលនៅនឹងទំនប់ទឹកអន្លង់ជ្រៃ ដោយតម្រូវអោយសហគមន៍អន្លង់ជ្រៃ ដែលជាភាគីទប់ទំនប់ និងពលរដ្ឋចំនួន៤ឃុំ ដែលរងគ្រោះដោយសាទឹកជនលិចដីស្រែនោះសម្របសម្រួលគ្នា ។
ដោយមានការឯកភាពទាំងសងខាង បើកទំនប់ទឹក និងធ្វើស្ពានឈើជំនួសវិញ ដោយមានការជួយឧប្បត្ថម្ភពីលោកអួត សៀងលី អភិបាលស្រុកជើងព្រៃ។
លោក សើ អឿន មេភូមិអន្លង់ជ្រៃបានឲ្យដឹងថា ទំនប់ទឹកសហគមន៍របស់លោក ដែលបានបង្កផល់ប៉ះពាល់ដល់ពលរដ្ឋបួនឃុំនោះ គឺដោយសារតែពួកគាត់អត់ស្ពានឆ្លងកាត់ ដែលសហគមន៍របស់លោកបានដាក់សំណើសុំស្ពានដល់អាជ្ញាធរស្រុក ខេត្តជាច្រើនឆ្នាំមកហើយដែរ តែមិនឃើញបាន។
លោកបានបន្ថែមថា នៅពេលនេះដែរ ប្រជាពលរដ្ឋបានឯកភាពគ្នារួចរាល់អស់ហើយដែរដោះដូរដោយស្ពានដើរ ៕ ប៉ែន នួន