ខេត្តបន្ទាយមានជ័យ៖ វរៈសេនាតូចយោធាការពារព្រំដែនគោកលេខ៥០៣ ចំណុះឱ្យអង្គភាពយោធាយោធភូមិភាគទី៥ ឈរជើងតំបន់បន្ទាត់ព្រំដែនកម្ពុជា-ថៃគ្រប់គ្រងក្នុងភូមិសាស្រ្តស្រុកអូរជ្រៅ ស្រុកស្វាយចេក និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឈមនិងស្រុកតាប្រាយ៉ា និងស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសន្តិសុខតាមបន្ទាត់ព្រំដែនកម្ពជា-ថៃ សម្រាប់ឆ្នាំ២០១៦ នៅក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់ខ្លួន និងលោកទីសដៅការងារឆ្នាំ២០១៧ ។ ក្នុងកិច្ចប្រជុំបានលើកឡើងពីចំណុចប្រឈមនៅតាមបន្ទាត់ព្រំដែនឱ្យដឹងថា ស្ថានភាពនៅតាមបន្ទាត់ព្រំដែននៅតែកើតមានភាពមិនប្រក្រតី ភាគីថៃនៅមានគំនិតមហិច្ឆតា ប៉ុនប៉ងពង្រីកទឹកដីតាមខ្សែបន្ទាត់ព្រំដែនដូចជា ថៃបណ្តែតបណ្តោយឱ្យប្រជាជនរបស់ខ្លួនចូលរុករានកាប់ឆ្ការព្រៃ និងលបលួចចូលដោះមីននៅតំបន់ហាមឃាត់ ដែលភាគីទាំងកម្ពុជា-ថៃមិនទាន់ឯកភាពគ្នាទៅលើការវាស់វែងកំណត់ព្រំដែនច្បាស់លាស់នៅឡើយនោះ ដូចជានៅតំបន់បង្គោលព្រំដែនសីម៉ា លេខ៤៨ បង្គោលសីម៉ាលេខ៤៦ និងបង្គោលសីម៉ាលេខ៤៣ ជាដើម ។
សកម្មភាពដោះមីននៅតាមបន្ទាត់ព្រំដែនរបស់ទាហានថៃនោះដែរ សេចក្តីរាយការណ៍ឱ្យដឹងថា កាលពីមួយឆ្នាំកន្លងទៅនោះទាហានថៃ បានចូលបោសសំអាតមីនតាមបន្ទាត់ព្រំដែន ឈមនិងស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ចំណុចមហោស្របបណ្តាលឱ្យផ្ទុះមីនទទួលរងរបួសធ្ងន់ទាហានថៃម្នាក់ផងដែរ ។ ក្នុងនោះមានប្រជាជនថៃបានលបលួចចូលមកតំបន់បន្ទាត់ព្រំដែនហាមឃាត់ ធ្វើសកម្មភាពដើរបរបាញ់សត្វដើរជាន់មីន បណ្តាលឱ្យផ្ទុះ២លើក រងរបួសធ្ងន់ស្រាល៣នាក់។ ភាគីថៃបានប្រើប្រាស់ឧទ្ឋម្ភាគចក្រហោះល្បាតត្រួតពិនិត្យព្រំដែន៣០លើក ទាហានថៃបិទច្រករបៀងព្រំដែន២៤លើក ភាគីថៃប្រើប្រាស់ផារ៉ាម៉ូទ័រហោះល្បាតព្រំដែន៣លើក ថៃចល័តទ័ពផ្លាស់ប្តូរកម្លាំងកងរយនៅព្រំដែន៦លើក និងថៃកំទេចមីននៅក្បែរព្រំដែន២លើក ។
សកម្មភាពនៃការលបលួចសង្ស័យមានគំនិតមហិច្ឆតាចង់ពង្រីកទឹកដីរស់ពីភាគីថៃ ប្រើប្រាស់ប្រជាជន កាប់រុករានព្រៃ ភ្ជួរដីធ្វើស្រែចំការនិង សកម្មភាពដោះមីនតាមបន្ទាត់ព្រំដែន ហាមឃាត់ពីសំណាក់ភាគីថៃ ត្រូវបាន កម្លាំងយោធា និងនគរបាលការពារព្រំដែនកម្ពុជាចុះ ហាមឃាត់ទប់ស្កាត់ជាបន្តបន្ទាប់មិនឱ្យភាគីថៃធ្វើបានសម្រេចនោះឡើយ។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារវរៈសេនាតូចយោធាការពារព្រំដែនគោកលេខ៥០៣ ចំណុះឱ្យអង្គភាពយោធាយោធភូមិភាគទី៥ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីបញ្ជាការដ្ឋានវរៈសេនាតូចលេខ៥០៣ ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលប្រព្រឹត្តទៅក្រោមវត្តមាន លោកឧត្តមសេនីយ៍ទោ អ៊ិន សុខាវុឌ្ឍី មេបញ្ជាការរងយោធភូមិភាគទី៥ និងជាមេបញ្ជាការទទួលទិសជួរមុខខេត្តបន្ទាយមានជ័យ។
ក្នុងកិច្ចប្រជុំនោះដែរលោកឧត្តមសេនីយ៍ទោ អ៊ិន សុខាវុឌ្ឍី មេបញ្ជាការរងយោធភូមិភាគទី៥ បានលើកឡើងនិងជម្រុញឱ្យកម្លាំងការពារព្រំដែនទាំងអស់ទាំងយោធា និងនគរបាលជាតិ ត្រូវប្តេជ្ញាខ្ពស់ក្នុងការលះបង់ សព្វបែបយ៉ាងដើម្បីការពារបូរណៈភាពទឹកដីកម្ពុជា ឱ្យបានគត់មុតជាពិសេសធ្វើការទប់ស្កាត់ មិនឱ្យមានសកម្មភាពណាមួយដែលភាគីថៃអនុវត្តផ្ទុយពីខ្លឹមសារក្នុងកិច្ចប្រជុំទ្វេរភាគី រវាងកម្ពុជា-ថៃ ពាក់ព័ន្ធនិង ការងារព្រំដែនកន្លងមកនោះ។ បើមានភាពមិនប្រក្រតីនៅចំណុចណាមួយើងត្រូវ ជួបជជែកដោះស្រាយតាមសន្តិវិធី បញ្ចៀសការប្រឈមមុខដាក់គ្នាប្រើប្រាស់ដោយកម្លាំងអាវុធ។ពង្រឹងពង្រីកចំណេះដឹងផ្នែកកិច្ចការងារយោធាជូនដល់នាយនាយរងនិងពលទាហាននៅក្នុងអង្គភាពឱ្យទទួលបានចំណេះដឹងខ្ពង់ខ្ពស់ ។
លោកឧត្តមសេនីយ៍ទោមេបញ្ជាការរងយោធភូមិភាគទី៥ ក៏បានជម្រុញឱ្យយោធាវរៈ៥០៣ សហការគ្នាជាមួយនិងកងកម្លាំងនគរបាល អាវុធហត្ថ អាជ្ញាធរដែនដី ត្រូវចូលរួមអនុវត្ត គោលនយោបាយភូមិឃុំមានសុវត្ថិភាព ឱ្យបានប្រសើរបំផុត បង្ការទប់ស្កាត់និងបង្រ្កាបបទលល្មើសគ្រប់ប្រភេទ។ ជាពិសេសចូលរួមការពារសន្តសុខសណ្តាប់ធ្នាប់សុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែនឱ្យមានសេចក្តីសុខ ដោយគ្មានការភ័យខ្លាចពីអំពើលួចឆក់ប្លន់ និងបញ្ហាគ្រឿងញៀនជាដើមនោះ ៕ សំ វិច្ឆិកា