ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស បានដាក់វិធានការជាថ្មីទៀត ដើម្បីរៀបចំសណ្តាប់ធ្នាប់លើសួនច្បារ មុខវត្តបទុមវតី សួនកុមារវត្តភ្នំពេញ និងសួនអរិយក្សត្រស្របពេលដែលសួនច្បារទាំងនេះកំពុងទទួលបានការពេញនិយមពីសំណាក់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ក្នុងការដើរលំហែលកាយនិងហាត់ប្រាណ ។
ការជម្រុញនិងដាក់វិធានការជាថ្មីនេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ខណៈដែលលោកអភិបាល បានអញ្ជើញចុះពិនិត្យ និងពិភាក្សាអំពីស្ថានភាពសណ្ដាប់ធ្នាប់តាមសួនច្បារសាធារណៈខាងលើនេះជាមួយក្រុមហ៊ុនឯកជន មន្ត្រីរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីនិងអាជ្ញាធរខណ្ឌដូនពេញ។
លោកប៉ា សុជាតិវង្សបន្តថា សួនច្បារសាធារណៈ គឺជាទីតាំងសម្រាកលំហែយ៉ាងសំខាន់និងពេញនិយមរបស់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលជាតម្រូវឱ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់ទាំងអនាម័យ ទាំងសណ្ដាប់ធ្នាប់លក់ដូរ ទាំងចំណត ទាំងសន្តិសុខ និងសោភណភាពនានា។
ក្នុងឱកាសនោះ លោកប៉ា សុជាតិវង្សក៏បានធ្វើការប្រាមដាច់ខាត ដោយមិនអនុញ្ញាតិអោយរថយន្តឡើងលើសួនច្បារទាំងនេះទេ ។ចំណែកកន្លែងផ្ញើរកង់ម៉ូតូក៏ត្រូវកាត់បន្ថយផងដែរ រួមនិងការជម្រុញអោយអ្នកទទួលខុសត្រូវនៃការផ្ញើម៉ូតូនេះត្រូវដាក់របាំងដែកអោយអោយបានរឹងមាំ ។
លោកបន្តថា ចំពោះការគ្រប់គ្រងអ្នកលក់ដូរនៅតាមសួនច្បារនេះក៏ត្រូវតែអនុវត្តអោយមានសណ្តាប់ធ្នាប់ផងដែរ គឺអាចនឹងមានការកាត់បន្ថយចំនួនអ្នកលក់អោយនៅក្នុងកម្រិតមួយច្បាស់លាស់ ។ដោយឡែកសម្រាប់អ្នកលក់ចល័តគឺមិនអោយមានទេ គឺអោយអាជ្ញាធរខណ្ឌត្រូវមានវិធានការ បើពួកគេនៅតែមិនស្តាប់តាមការណែនាំរបស់យើងនោះ។លោកបន្តថា បញ្ហាសណ្តាប់ធ្នាប់ជាបញ្ហាមួយដ៏សែនស្មុកស្មាញ ដូច្នេះទេ បើកន្លែងដែលយើងរៀបចំបានល្អហើយ យើងមិនត្រូវបណ្តែតបណ្តោយអោយវារើឡើងវិញនោះទេ។
ចំពោះការគ្រប់គ្រងភ្លើងបំភ្លឺសាធារណៈនិងការបង្ហូរទឹកស្រោចលើសួនច្បារទាំងនេះក៏ត្រូវបានលោកប៉ា សុជាតិវង្សជម្រុញអោយមានការគ្រប់គ្រងអោយបានល្អប្រសើរផងដែរ ស្របពេលដែលមានការរិះគន់ថា ទឹកស្រោចផ្កាត្រូវបានបង្ហូរចោលមិនមានអ្នកមើលខុសត្រូវ៕ សំរិត