ព័ត៌មានទាន់ហេតុការណ៍៖

ដើរឆ្លងផ្លូវទៅជិះរ៉ឺម៉កម៉ូតូធ្វើការរោងចក្រ ម៉ូតូមកដល់បុករបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្តាល៖ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០១៧ នៅលើកំណាត់ ផ្លូវជាតិលេខ1 ចំណុចចន្លោះគីឡូម៉ែត្រ លេខ41-42 ស្ថិតនៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បណ្តាលឲ្យនារីវ័យក្មេងម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរខណៈកំពុងដើរឆ្លងថ្នល់ហើយត្រូវម៉ូតូបុកពេញទំហឹង ។

នារីរងគ្រោះឈ្មោះ សៀ ធិប អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រកាត់ដេរ មានទីលំនៅភូមិឃុំកើតហេតុ បានរងរបួសបែកក្បាលយ៉ាងធ្ងន់ធ្ងរ ត្រូវក្រុមគ្រួសារ ដឹកយកទៅសង្រ្គោះ នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ភ្លាមៗ។

រីឯភាគីម៉ូតូ ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅលាយស្វាយ ពាក់ស្លាកលេខ ភ្នំពេញ1CT.1119 អ្នកបើកបរម៉ូតូមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ស្រមោល មុនពេលសមត្ថកិច្ចចុះទៅដល់ ដោយបន្សល់ទុកតែម៉ូតូ និងស្រ្តីអ្នករួមដំណើរជាមួយម្នាក់ នៅនឹងកន្លែងកើតហេតុ។

សមត្ថកិច្ចនគរបាលចរាចរស្រុកកៀនស្វាយ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីរងគ្រោះ ឈ្មោះសៀ ធិប បានដើរឆ្លងផ្លូវជាតិលេខ១ ពីកើតទៅលិច ដើម្បីចាំជិះរ៉ឺម៉កទៅបម្រើការងារ នៅរោងចក្រកាត់ដេរ សួនឧស្សាហកម្មសំរោងធំ។ នៅពេល កំពុងដើរឆ្លងជិតផុតចែងផ្លូវខាងលិច ក៏ត្រូវម៉ូតូបើកបរយ៉ាងលឿន ក្នុងទិសដៅពីភ្នំពេញ ទៅអ្នកលឿងឌុបស្រី្តមា្នក់ផង មកបុកពេញទំហឹង បណ្តាលឲ្យនារីរងគ្រោះ ប៉ើងបោកក្បាលទៅនឹងថ្នល់ជាតិ រងរបួសធ្ងន់តែម្តង។ បន្ទាប់មកអ្នកបើកបរម៉ូតូដែលរងរបួសស្រាលឃើញបែបនេះ នឹកថានារី រងគ្រោះបាត់បង់ជីវិតក៏គេចខ្លួនបាត់ទុកនៅស្រី្តម្នាក់ឈ្មោះផៃ ចន្ថាដែលគេឌុបមកជាមួយនៅកន្លែងកើតហេតុ។

ស្រ្តីឈ្មោះផៃ ចន្ថា អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រកាត់ដេរ មានទីលំនៅភូមិខ្លែងគង់ ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង បានប្រាប់សមត្ថកិច្ចថា រូបគាត់បានជួលបុរសម្នាក់ឲ្យជិះម៉ូតូឌុបនេះ ពីច្បារអំពៅទៅដល់ស្រុកកំណើត ក្នុងតម្លៃ៣ ម៉ឺនរៀលដើម្បីទៅមើលឪពុកមានជំងឺ នៅស្រុក ហើយគាត់មិនជាប់ពាក់ពន្ធ័ឬត្រូវជា សាច់ញាតិជាមួយម្ចាស់ម៉ូតូទេ។

បន្ទាប់មកសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយបានទៅដល់ វាស់វែង យកម៉ូតូទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ចាត់ការតាមនីតិវិធី ៕ សណ្តោស

Untitled-1


ចែករំលែក៖