ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលវេលាម៉ោង៩ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចវិហារវត្ត ប្រយូវង្ស ស្ថិតក្នុងក្រុម៣៦ ភូមិ៦ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន បន្ទាប់ពីជនមិន ស្គាល់មុខបានចូលគាស់ទ្វារកុដិព្រះចៅ អធិការវត្តប្រយូវង្សលួចយកលុយអស់ចំនួន ជាង៣០លានរៀលពេលព្រះចៅអធិការ វត្តមិនបានគង់នៅក្នុងវត្ត ។
ព្រះតេជព្រះគុណព្រះនាម អ៊ុង សិទ្ធី ព្រះជន្ម៤១ព្រះវស្សា ព្រះចៅអធិការវត្ត ប្រយូវង្ស មានស្រុកកំណើតនៅភូមិដំណាក់ អំពិល ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត បានមានថេរដីកាប្រាប់សមត្ថកិច្ចថា មុន កើតហេតុព្រះអង្គមិនបានគង់នៅវត្តទេ ដោយនៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ ព្រះអង្គរវល់ទៅស្រុកកំណើតធ្វើបុណ្យនិងមិនបានយកលុយជាបច្ចយ័ដែលបានសន្សំ ជាច្រើនឆ្នាំយកទៅជាមួយទេ។ លុះមក ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង១០និង៣០នាទីព្រឹកពេលដែលព្រះអង្គនិមន្តមកដល់វត្តវិញបានចូលកុដិក្នុង វិហារហើយបានយកសោកុដិដែលបានផ្ញើនឹងព្រះសង្ឃមួយអង្គមកចាក់បើកទ្វារ។ ពេលនោះព្រះអង្គមិនបានចាប់អារម្មណ៍ថាបាត់លុយកាក់ដែរ ព្រោះបើពិនិត្យក្នុងកុដិ មិនមានឃើញការរើកកាយអ្វីគួរឲ្យកត់ សម្គាល់នោះទេ។
ព្រះចៅអធិការមានថេរដីកាទៀតថា ពេលនោះព្រះអង្គបានដោះស្បង់ចីពរដើម្បី សិងយកកម្លាំងរង់ចាំដល់ម៉ោងឆាន់់បាយថ្ងៃត្រង់។ បន្ទាប់ពីឆាន់បាយ ថ្ងៃត្រង់រួចក៏និមន្តចូលកុដិដើម្បីសិងបន្តទៀត ស្រាប់តែមើលមកខ្នើយដែលដាក់បច្ច័យសម្រាប់កសាងវត្តចំនួនជាង៣០លានរៀលបាន បាត់ពីខ្នើយទាំងអស់ ទើបបង្កការភ្ញាក់ផ្អើលនាំគ្នារើពេញក្នុងកុដិដោយខ្លាចព្រះអង្គច្រឡំដៃដាក់នៅកន្លែងណា តែរកមិនឃើញក៏ ហៅព្រះសង្ឃនិងយាយជីដែលនៅក្នុងព្រះ វិហារសួរ តែពួកគាត់ថាមិនបានឃើញអ្នកចម្លែកចូលវិហារទេ។ លុះដល់ម៉ោង៦ល្ងាច ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ទើបព្រះអង្គរាយការណ៍ប្រាប់សមត្ថកិច្ចនិងអាជ្ញាធរ មូលដ្ឋានចុះមកត្រួតពិនិត្យដើម្បីស្វែងរក មុខសញ្ញាជនល្មើសចាត់ការតាមច្បាប់ ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ខណ្ឌចំការមនបានប្រាប់ថា សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីព្រះចៅអធិការវត្ត ប្រយូវង្សតាមរយៈទូរស័ព្ទប៉ុណ្ណោះទើបព្រឹក ឡើងថ្ងៃទី២៣ ខែកុម្ភៈ សមត្ថកិច្ចបានហៅមន្ត្រីជំនាញរបស់ស្នងការដ្ឋាននគរបាលរាជ ធានីភ្នំពេញចុះមកត្រួតពិនិត្យ និងធ្វើកំណត់ ហេតុដើម្បីស្រាវជ្រាវ។ ខណៈដែលព្រះ ចៅអធិការវត្តបានឆ្លើយប្រាប់ថា ព្រះអង្គបានបាត់បច្ច័យចំនួន៣០លានរៀលដែលបានមកពីពុទ្ធបរិស័ទចំណុះជើងវត្តនិងពុទ្ធបរិស័ទផ្សេងទៀតចូលបច្ច័យសន្សំទុក កសាងវត្តអារាម ៕ ប្រាថ្នា