ភ្នំពេញ៖ មនុស្សប្រុសស្រីចំនួន៣នាក់ រងរបួសធ្ងន់ស្រាល បណ្តាលមកពីជិះម៉ូតូប៉ះគ្នា នៅកណ្តាលទ្រូងផ្លូវតែម្តង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះកើតឡើងនៅម៉ោង៧និង៥៥នាទីព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងកើតសាលាខណ្ឌទួលគោក ផ្លូវ១៨២ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពបានប្រាប់អោយដឹងថា ម៉ូតូស្មាសវី ពណ៌ខ្មៅ ស្លាកលេខ ព្រះសីហនុ 1D-9791 ជិះគ្នា២នាក់ប្តីប្រពន្ធ បើកបរពីលិចទៅកើត តាមបណ្តោយផ្លូវ១៨២ ដោយចាកចេញពីផ្ទះនៅម្តុំទឹកថ្លាទៅលក់ដូរនៅផ្សារអូរឫស្សី មកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានម៉ូតូវីវ៉ា សេ១២៥ ពណ៌ខ្មៅ ភ្នំពេញ 1U-3927 ជិះគ្នាចំនួន២នាក់ បើកបរពីកើតទៅលិច បានវ៉ារថយន្តមួយគ្រឿងងាកមកប៉ះម៉ូតូពីរនាក់ប្តីប្រពន្ធ បណ្តាលអោយប្រពន្ធរងរបួសបែកក្បាលខាងក្រោយ រីឯយុវជនជិះម៉ូតូវីវ៉ាសេ១២៥ រងរបួសបែកប្រអប់ជើងនិងដាច់ម្រាមជើង២ទៅ៣ខាងឆ្វេង ។
ក្រោយពេលកើតហេតុរថយន្តរបស់គ្លីនិចហុងហាក់ បានចេញមកយកជនរងគ្រោះទាំង៣នាក់ ទៅព្យាបាលនិងសង្គ្រោះតែម្តង ។ ដោយអ្នករួមដំណើរជាមួយម្ចាស់ម៉ូតូវីវ៉ាសេ១២៥ បានគេចខ្លួនបាត់មិននៅកន្លែងកើតហេតុឡើយ ។
យោងតាមរបាយការណ៍នរគបាលចរាចរ ដែលបានវាស់វែងចំងាយពីម៉ូតូមួយទៅម៉ូតូមួយទៀតមានប្រវែង១០ម៉ែត្រជាង រីឯចំណុចនៃការបុកឬប៉ះគ្នានៅចំកណ្តាលទ្រូវផ្លូវ ដែលទំហំផ្លូវទទឹងមានប្រវែង១២ម៉ែត្រ ។
បច្ចុប្បន្នជនរងគ្រោះទាំង៣នាក់នៅសម្រាកព្យាបាលនៅគ្លីនិចហុងហាក់ និងម៉ូតូទាំង២គ្រឿងត្រូវកម្លាំងយកទៅរក្សាទុកនៅអធិការដ្ឋាននរគបាលខណ្ឌទួលគោក ដើម្បីធ្វើការដោះស្រាយតាមនីតិវិធីនាពេលក្រោយ ៕ ស តារា