ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីបុរសចំណាស់ម្នាក់ ខឹងចិត្តមានជំងឺប្រចាំកាយបានសម្រេចចិត្តដោយចង ក សម្លាប់ខ្លួន កាលពីវេលាម៉ោង៦និង១៥នាទីព្រលប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅលើផ្ទះ ក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះមានឈ្មោះ អ៊ុំ ណារី ភេទប្រុស អាយុ៦៣ឆ្នាំ មានប្រពន្ធឈ្មោះ ម៉ន កំសាន្តអាយុ៥៧ឆ្នាំ មានកូន៥នាក់ ប្រុស៤នាក់ ស្រីម្នាក់ រស់នៅក្នុងបន្ទុកគ្រួសារ ផ្ទះកើតហេតុខាងលើ ។
តាមប្រជាពលរដ្ឋក្បែរខាងបានឲ្យដឹងថា កាលពី៥ថ្ងៃមុនកើតហេតុ ជនរងគ្រោះ បានពឹងពាក់អ្នកជិតខាង ឲ្យជួយចាក់សាប ទីធ្លាមុខផ្ទះ ហើយពោលពាក្យប្រាប់ថា សម្អាតឲ្យស្អាត ទុកសម្រាប់បានកន្លែងធ្វើបុណ្យទាន តែគ្មានអ្នកណាចាប់អារម្មណ៍នឹកស្មានដល់ ត្រូវធ្វើបុណ្យសពយ៉ាងនេះដែរ ។
បើតាមកូនស្រីឈ្មោះយឺន វានា បានឲ្យដឹងថា ឪពុកខ្លួនមានជំងឺប្រចាំកាយ លើសឈាម ស្លាប់មួយចំហៀងខ្លួន ហើយជារៀងរាល់ថ្ងៃ អ្វីដែលចងចាំមិនអាចបំភ្លេចបាន លោកឪពុក តែងតែ អង្គុយទន្ទឹងរងចាំមើលផ្លូវកូនស្រី ចេញពីធ្វើការ ខណៈដែលជាទម្លាប់មួយ កូនស្រីខាងលើ រាល់ពេលដែលមកដល់ផ្ទះ តែងតែទិញ ចំណីអាហារ ជូនឪពុក ហើយអ្វីដែលគាត់ចូលចិត្តជាងគេ ចំណីដែលកូនស្រីទិញផ្ញើរនោះ គឺផ្លែស្វាយ ។
ប្រភពបន្តទៀតថា លុះរហូតមកដល់ល្ងាចថ្ងៃកើតហេតុ រួបនាងបានចេញពីធ្វើការនិងបានទិញផ្លែស្វាយមកជូនគាត់ដដែលខណះមកដល់ផ្ទះមិនឃើញ គាត់ អង្គុយមាត់ទ្វាររងចាំដោយនឹកស្មានដល់ ថា គាត់និងគិតខ្លីដូចនេះ ទើបឆ្លៀតចូលធ្វើម្ហូប ជាមុនសិន រួចរាល់ហើយ នៅវេលាម៉ោងខាងលើ រួបនាងបានកាន់ផ្លែស្វាយ ឡើងលើផ្ទះ បំណងជូនឪពុកតាមអ្វីដេលជាចំណង់ចំណូលចិត្ត គ្រាន់តែឡើងទៅឃើញទ្វារផ្ទះបិទខុសប្លែក ហើយគ្រាន់តែរុញទ្វារទៅ ស្រាប់តែប្រទះឃើញឪពុកចងកស្លាប់បាត់ទៅហើយ ដោយចងភ្ជាប់ជាមួយធ្នឹមផ្ទះ ទើបស្រែឆោឡោ ផ្អើលអ្នកជិតខាង សាច់ញាតិ នាំគ្នាស្រាយកាត់ចំណងទម្លាក់ ហើយរាយការណ៍ប្រាប់អាជ្ញាធរ សមត្ថកិច្ចឲ្យចុះមកពិនិត្យមើលតែម្តង ។
សពក្រោយសមត្ថកិច្ចជំនាញពិនិត្យកោសល្យវិច័យរួច ឃើញថាពិតជាចងកសម្លាប់ដោយខ្លួនឯង ហើយសាច់ញាតិក៏មិនប្តឹងផ្តល់អ្វីដែរ ទើបសមត្ថកិច្ចប្រគល់សពឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ