ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខបានឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនបានម្នាក់ ហើយឈានដល់ការទៅឆែកឆេរបន្ទប់ជួលមួយកន្លែងហើយឃាត់ខ្លួនបាន៣នាក់ទៀត ដែលបានផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១រំលងធ្រាត្រ ឈានចូលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវ៥៨P ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ដោយមុនពេលកើតហេតុ សមត្ថកិច្ចខណ្ឌសែនសុខបានតាមដានមុខសញ្ញាខាងលើ ដែលតែងតែចែកចាយគ្រឿងញៀនចល័តក្នុងខណ្ឌសែនសុខ ហើយដោយសមត្ថកិច្ចបានប្រើជំនាញដោយដាក់រនុកក្នុងឲ្យធ្វើជាមកទិញថ្នាំញៀន ហើយទើបអាចឈានដល់ការឃាត់ជនសង្ស័យម្នាក់ជាបុរស ហើយក៏ជាមុខសញ្ញាចែកចាយគ្រឿងញៀនដ៏សកម្មក្នុងខណ្ឌសែនសុខនេះដែរ ហើយដោយមានចម្លើយសារភាពពីជនសង្ស័យខាងលើ ទើបឈានដលការចុះទៅឆែកឆេរបន្ទប់ជួលមួយកន្លែងដែលជាទីតាំងប្រើប្រាស់គ្រឿងញៀន ហើយឃាត់ខ្លួនបានស្ដ្រី៣នាក់ទៀត និងដកហូតបានឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងថ្នាំញៀនមួយកញ្ចប់តូចផងដែរផងដែរ ។
ជនសង្ស័យទី១ មានឈ្មោះ ជី សុជាតិ ភេទប្រុស អាយុ៣៦ មុខរបរនៅផ្ទះ ស្នាក់នៅមិនពិតប្រាកដ ទី២ មានឈ្មោះ ពិន ធាវី ភេទស្រី អាយុ២៩ មុខរបរនៅផ្ទះ ស្នាក់ផ្ទះជួលម្ដុំបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទី៣ មានឈ្មោះ សេង ណារី ភេទស្រី អាយុ២៨ មុខរបរនៅផ្ទះ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទី៤មានឈ្មោះ ឈិន ស្រីនី ភេទស្រី អាយុ៥០ ធ្វើការនៅផ្ទះ ស្នាក់នៅផ្ទះជួល ម្ដុំភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រោយពេលកើតហេតុជនសង្ស័យទាំងបួននាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងនៅអធិការដ្ឋានខណ្ឌសែនសុខរងចាំការចាត់ការតាមនីតិវិធី ៕ តុង សីហា