ខេត្តកណ្តាលៈ បុរសម្នាក់ជាគ្រូបង្រៀនបានចង.កធ្វើអត្តឃាតសម្លាប់ខ្លួននៅក្នុងផ្ទះបាយបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១៩ និង៥០នាទី ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែកកាត់ សង្កាត់តក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហេង យ៉ារុន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ គ្រូបង្រៀន បច្ចុប្បន្នរស់នៅភូមិព្រែកកាត់ សង្កាត់តក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
តាមការបំភ្លឺពីស្ត្រីជាម្តាយជនរងគ្រោះបានឲ្យដឹងថា កូនប្រុសរបស់គាត់ជាគ្រូបង្រៀន រយៈពេល២ខែចុងក្រោយនេះកូនប្រុសរបស់គាត់មានអារម្មណ៍មិនសូវល្អខុសពីធម្មតា ហើយតែងតែងដើរចោលផ្ទះទៅតាមខេត្តផ្សេងៗជាញឹកញាប់ដោយមិនប្រាប់ក្រុមគ្រួសារនោះទេ ។ រហូតមកដល់មុខពេលកើតហេតុប៉ុន្មានថ្ងៃ ជនរងគ្រោះបានសុំច្បាប់ឈប់សម្រាកពីការងាររយៈពេល៣ខែ ដោយមិនមានមូលហេតុ ។ នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧ សមាជិកគ្រួសារបានទៅធ្វើការងារអស់រៀងៗខ្លួន លុះត្រឡប់មកផ្ទះវិញក៏ប្រទះឃើញកូនប្រុសចង.កស្លាប់នៅក្នុងផ្ទះបាយ ។
សមត្ថកិច្ចនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយចង.កធ្វើអត្តសម្លាប់ខ្លួនប្រាកដមែន ។ ក្រោយពីពិនិត្យចប់សព្វគ្រប់សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះ ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ