ខេត្តតាកែវ ៖ កាលពីព្រលប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ បានស្លាប់ក្នុងហេតុការណ៍បង្រ្គាបបទល្មើសជួញដូរគ្រឿងញៀនមួយនៅជិតផ្សារថ្នល់បត់ ក្នុងភូមិត្រពាំងវែង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ហើយបន្ទាប់ពីជនសង្ស័យបានស្លាប់ ក្រុមគ្រួសារជនសង្ស័យស្រែកថា អយុត្តិធម៌ណាស់ ។
ប្រភពឱ្យដឹងថា ជនសង្ស័យខាងលើ ឈ្មោះ ធឿន ទីន អាយុ២៦ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ ។
ជុំវិញករណីខាលើនេះ លោក ណាក់ សេរីវឌ្ឍនា ប្រធានការិយាល័យប្រឆាំងកាជួញដូរគ្រឿងញៀន នៃស្នងការនគបាលខេត្តតាកែវ បញ្ជាក់ថា ពិតជាបានដឹកនាំកម្លាំងចុះទៅបង្រ្គាបករណីខាងលើពិតមែន តែឥឡូវនេះលោកកំពុងប្រជុំ មិនអាចបំភ្លឺបានទេ ។ ចំណែក លោក សួន ផុន ស្នងការរងទទួលបន្ទុកខាងយុត្តិធម៌កណ្តាល នៃស្នងការនគបាលខេត្តតាកែវ បានឲ្យដឹងផងដែរថា លោកមិនបានជាប់ពាក់ព័ន្ធនឹងករណីចុះទៅបង្រ្គាបខាងលើនេះទេ ។
បច្ចុប្បន្ននេះ ក្រុមគ្រួសារជនរងគ្រោះ ដែលបានស្លាប់ បានស្រែករកយុត្តិធម៌ នៅពេលដែលការចុះមកបង្ក្រាបគ្រឿងញៀន តែបែរជាមិនបានភស្តុតាងអ្វីដែលបង្ហាញថា ជាប់ពាក់ព័ន្ធជាមួយគ្រឿងញៀនសោះ ៕ ភ្នំដា