ខេត្តកណ្តាល៖ កាលពីព្រឹកថ្ងៃទី១០ ខែមីនា ព្រឹត្តិការណ៍ទស្សនីយភាពសិល្បៈការប្រកួតកីឡានិងការតាំងពិព័រណ៍ទ្រង់ទ្រាយធំ បានប្រកាសបើកដំណើរការជាផ្លូវការហើយ ។ ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅលើទឹកដី នៃឃុំវិហារសួគ៌ ខេត្តកណ្តាល ក្រោមវត្តមានមន្ត្រីខេត្តកណ្តាល ប្រធានចលនាយុវជនកម្ពុជា សិល្បករ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍ដ៏ធំគឺពិធីបុណ្យល្ខោនខ្មែរ និងការប្រកួតកីឡាយុវជននឹងត្រូវធ្វើចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ នៅលើទឹកដីនៃឃុំវិហារសួគ៌ខេត្តកណ្តាល ។ព្រឹត្តិការណ៍ធំមិនធ្លាប់មានដែលមានទាំងការតាំងពិព័រណ៍ប្រគុំតន្ត្រីប្រកួតសិល្បៈនិងលេងកីឡាជាច្រើនប្រភេទដែលគេរំពឹងថាអាចស្រូបទាញអ្នកចូលរួមរាប់ម៉ឺននាក់។
លោកឧកញ៉ាស្រី ចាន់ថន ដែលជាអ្នកផ្តួចផ្តើមកម្មវិធីបុណ្យនេះ បានមានប្រសាសន៍ថា កម្មវិធីបុណ្យនឹងប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ទី១១ និងទី១២ ខែមីនា ឆ្នាំ២០១៧ខាងមុខដែលរូបលោកឧកញ៉ាជាអ្នកផ្តល់ទីតាំងនិងថវិកាផ្ទាល់ព្រមទាំងគំនិតយោបល់ក្នុងការរៀបចំ។លោកឧកញ៉ាបញ្ជាក់ថាកម្មវិធីនេះបានធ្វើឡើងក្នុងតំបន់ស្កាយឡេនឃុំវិហារសួគ៌ស្រុកខ្សាច់កណ្តាលខេត្តកណ្តាលដែលនឹងត្រូវរៀបចំឡើងនូវផ្ទាំងទស្សនីយភាពជាច្រើនសម្រាប់បងប្អូនប្រជាពលរដ្ឋបានទស្សនាក្នុងនោះផ្ទាំងទស្សនីយភាពសិល្បៈមានរៀបចំសម្តែងល្ខោនបាសាក់ល្ខោនយីកេនិងល្ខោននិយាយជាដើម។ក្រៅពីនេះមានកម្មវិធីប្រគំតន្រ្តីសម័យនិងកំប្លែងជាដើមដែលមានតារាល្បីៗចូលរួមសម្តែងចែកជូនប្រជាពលរដ្ឋនៅទីនោះ។ជាមួយគ្នានេះកម្មវិធីក៏នឹងបង្កើតកម្មវិធីប្រកួតប្រភេទកីឡាជាច្រើនប្រភេទគឺកីឡាប្រដាល់ក្បាច់គុណខ្មែរដណ្តើមខ្សែក្រវ៉ាត់ការប្រណាំងក្របីការបោកចំបាប់ការប្រណាំងសេះបង្ហោះម៉ូតូកីឡាបាល់ទាត់ការរត់ប្រណាំងការលោតកម្ពស់និងការហក់ប្រវែង។
ក្រៅពីនេះ មានការបោះតង់ជំរុំ ដោយកំណត់ពីចំនួន១០០តង់ ទៅ២០០តង់ ដោយយើងបានបង្កើតជាក្រុមយុវជន និងយប់ឡើងបានបង្កើតកម្មវិធីពាក់ព័ន្ឋនឹងវិស័យទេសចរណ៍ការឡើងនិយាយការឡើងសម្តែងនិងនិយាយពីសុវត្ថិភាពចរាចរណ៍និងបរិស្ថានជាដើមព្រមទាំងមានការតាំងពិពណ៌មួយចំនួនទាំងខ្មែរនិងថៃអាចទិញទំនិញនៅទីនោះ។ លោកឧកញ៉ារំពឹងថាព្រឹត្តិការណ៍នេះនឹងមិនត្រឹមតែជាការកម្សាន្ត និងទាក់ទាញភ្ញៀវទេសចរណ៍ទេ គឺវាជាព្រឹត្តិការណ៍ដែលអាចចូលរួមចំណែកលើកកម្ពស់វិស័យកីឡា សិល្បៈវប្បធម៌ជាតិផងដែរ ៕ វឌ្ឍនា