ភ្នំពេញ៖ សាហាវណាស់ដូចក្នុងខ្សែរភាពយន្តហុងកុង បន្ទាប់ពីបុរសដៃឆៅម្នាក់ បានធ្វើសកម្មភាពដេញកាប់ បុរសម្នាក់ជាច្រើនកាំបិត មិនដឹងមូលហេតុ បណ្តាលឲ្យរបួសធ្ងន់និងជិតដាច់កជើងម្ខាង ដួលសន្លប់ក្នុងថ្លុកឈាម ហើយត្រូវបានគេសង្ស័យជារឿងគំនុំ ។
ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខផ្សារសូរិយាម៉ល សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ ជនរងគ្រោះ កំពុងតែឈរម្នាក់ឯងនៅលើចិញ្ចើមផ្លូវលេខ៥១ មុខផ្សារសូរិយាម៉ល ស្រាប់តែមួយស្ទះក្រោយមកក៏លេចមុខជនដៃដល់ម្នាក់ដោយមានកាន់កាំបិតមួយដើម មកធ្វើសកម្មភាពកាប់ជនរងគ្រោះទាំងកំរោល ចំក្បាលអស់ជាច្រើនកាំបិត និងកាប់ចំ.កជើងខាងស្តាំជនរងគ្រោះ បណ្ដាលឲ្យជិតដាច់ជើង រងរបួសធ្ងន់ដោយដួលសន្លប់ក្នុងថ្លុកឈាមតែម្តង ។
ចំណែកជនដៃដល់ បានរត់គេចខ្លួនបាត់ស្រមោលផងដែរ ដោយបន្សល់ទុកជនរងគ្រោះដេកក្នុងថ្លុកឈាម ហើយត្រូវជនរងគ្រោះ ត្រូវបានរថយន្ដសាមុយដឹកយកទៅមន្ទីរពេទ្យនៅមន្ទីរពេទ្យកាលម៉ែត ដើម្បីជួយសង្រ្គោះជីវិតផងដែរ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុនិងធ្វើការសាកសួរសាក្សីដែលបានឃើញហេតុការណ៍ ហើយបើតាមសម្តីប្រពន្ធរបស់ជនរងគ្រោះបាននិយាយថា សង្ស័យជារឿងគំនុំផងដែរ ។ ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះ ថោង ប៊ុនហៀង អាយុ៥០ឆ្នាំ មុខរបរជាមន្រ្តីយោធា (ដឺបេ) និងប្រពន្ធមានឈ្មោះ សៀង ស្រីមុំ អាយុ៣០ឆ្នាំ អ្នកទាំង២ស្នាក់នៅផ្ទះសំណាក់ ខេមរ៉ា សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ៕ ស តារា