ភ្នំពេញ៖ ស្ត្រីម្នាក់បានទ្រហោយំនៅប៉ុស្តិ៍នគរបាលទួលសង្កែ ឱ្យជួយអន្តរាគមន៍ ខណៈនាងត្រូវឪពុកម្តាយយកកូនប្រុសអាយុ២ឆ្នាំពីនាង ហើយកាត់កាលដេញចេញពីផ្ទះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
ស្ត្រីរងនូវមានវិបត្តិខាងលើនេះ មានឈ្មោះផុង វ៉ាន់ណេត អាយុ៣៧ឆ្នាំ មានមុខរបរនៅផ្ទះ ស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ចំណែកឪពុកឈ្មោះ ផុង កុកយោង អាយុ៧០ឆ្នាំ មុខរបរនៅផ្ទះ ម្តាយមានឈ្មោះគឹម ឆាយ អាយុ៦០ឆ្នាំ មានមុខរបរស្នាក់នៅជាមួយគ្នា។
ស្ត្រីខាងលើបានឱ្យដឹងថា កាលពីនាងមានអាយុជាង២០ឆ្នាំ ត្រូវបានប្រុសៗមកលួងលោមសូមស្នេហ៍ពីនាង តែនាងមិនព្រមទេ ដោយនាងនិយាយប្រាប់ថា បើស្រលាញ់នាងពិតត្រូវតែហ៊ានចូលទៅដណ្តឹងដល់ចាស់ទុំ និងឪពុកម្តាយរបស់នាង ទើបនាងព្រម។ បន្ទាប់មកប្រុសៗដែលសុំស្នេហ៍រូបនាងចំនួន៥នាក់នោះ បានចូលទៅដណ្តឹងនាងដល់ចាស់ទុំ និងឪពុកម្តាយរបស់នាងជាបន្តបន្ទាប់ទាំង៥នាក់ ក៏ប៉ុន្តែឪពុកម្តាយនាងមិនព្រមឱ្យទៅបុរសម្នាក់នោះឡើយ ហើយដោយនិយាយប្រាប់នាងថា មិនបាច់យកប្តីទេ ពីព្រោះប្រុសៗដែលស្រឡាញ់រូបនាង សុទ្ធតែបោកប្រាស់ទាំងអស់ទេ។ រហូតលុះដល់នាងមានអាយុ៣៤ ក៏នាងបានស្គាល់បុរសម្នាក់តាមរយៈច្រឡំលេខទូរស័ព្ទ រួចនាងបានទំនាក់ទំ់នង និងស្រឡាញ់គ្នាដែលជាបុរសទី៦ ហើយបានចូលទៅដណ្តឹងនាងដល់ចាស់ទុំ និងឪពុកម្តាយរបស់នាងដែរ នៅតែឪពុកម្តាយរបស់នាងមិនព្រមដដែល ។
ស្ត្រីនោះបានបន្តថា ក្រោយមកដោយសារតែនាងស្រឡាញ់បុរសនោះខ្លាំងពេក ហើយរូបនាងក៏បានសំរេចចិត្តវេចបង្វិចខោអាវរត់ទៅនៅផ្ទះបុរសទី៦នោះ បាន៣ឆ្នាំបង្កើតបានកូនប្រុសអាយុ២ឆ្នាំម្នាក់ ។
ស្ត្រីនោះបានបន្តទៀតឲ្យដឹងថា កាលពីកន្លងមក ឪពុកម្កាយតែងតែបិទសិទ្ធិសេរីភាព និងប្រើហិង្សាមកលើនាងរហូតនាងទ្រាំលែងបាន ក៏រត់ចេញពីផ្ទះ ហើយបានទៅជួបបុរសម្នាក់រហូតបានកូនប្រុសម្នាក់អាយុ២ឆ្នាំ ក្រោយមកបុរសនោះបានបោះបង់នាងចោល ហើយនាងក៏ត្រឡប់មកនៅផ្ទះជាមួយឪពុកម្តាយវិញ ហើយឪពុកម្តាយបានរករឿង និងធ្វើបាបនាងស្ទើរគ្រប់ពេល។ លុះមកដល់ថ្ងៃកើតហេតុ ឪពុកម្តាយរបស់នាងបានវាយធ្វើបាប និងដណ្តើមយកកូនប្រុសរបស់នាងថា យកទៅមួលកសម្លាប់ចោល នាងក៏ភ័យស្លន់ស្លោរត់មកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែឲ្យជួយ អន្តរាគមន៍ តែត្រូវសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែបដិសេធន៍មិនទទួលបណ្តឹង។
ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ អ្នកសារព័ត៌មានទូរស័ព្ទទៅឪពុករបស់នាងដើម្បីសុំការបំភ្លឺ គាត់បានឆ្លើយបដិសេធន៍ថា ពាក្យសំដីរបស់កូនគាត់និយាយទាំងអស់នោះមិនមែនជាការពិតនោះឡើយ។
ជុំវិញបញ្ហានេះមិនដឹងឪពុក ឫកូនជាអ្នកខុសឡេីយ៕ អរុណរះ