ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកែច្នៃបើកបុកគោយន្តរបួសធ្ងន់មនុស្សពីរនាក់អ្នកបើកបរគេចខ្លួនបាត់

ចែករំលែក៖

ខេត្តកោះកុង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីរថយន្តកែច្នៃមួយគ្រឿង បានបើកបុកគោយន្ត ពេញទំហឹង អូសជាច្រើនម៉ែត្រ បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ ៨៨-៨៩ ក្នុងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។

មន្រី្តនគរបាលនៃស្នងការដ្ឋាននគរបាលកោះកុង បានឲ្យដឹងថា ករណីនេះបង្កឡើងដោយរថយន្តកែច្នៃ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2D-0281 បើកបរមិនប្រយ័ត្នបានបើកទៅបុកពីក្រោយគោយន្ត ដែលមានអ្នករួមដំណើរចំនួន២នាក់ បណ្តាលឲ្យអូសជាច្រើនម៉ែត្រ និងធ្វើឲ្យមនុស្សពីរនាក់ជិះគោយន្តរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកោះកុង ដើម្បីសង្គ្រោះភ្លាមៗ ចំណែកអ្នកបើកបររថយន្តកែច្នៃ បានទុករថយន្តចោល រត់គេចខ្លួនបាត់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋានមកដល់វាស់វែងនិងបាននាំយកមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងខាងលើ យកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយតាមច្បាប់៕ សហការី

1


ចែករំលែក៖