ខេត្តតាកែវ៖ ព្រះសង្ឃមួយអង្គត្រូវបានកម្លាំងអធិការដ្ឋាននគបាលស្រុកព្រៃកប្បាស ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបានផឹកស៊ី និងរាំច្រៀងនៅមុខទូរទស្សន៍ ដែលហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ១៣ ខែ មីនា ឆ្នាំ២០១៧ នៅភូមិ អន្លង់មាស ឃុំ ព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគបាលស្រុកព្រៃកប្បាសបានឲ្យដឹងថា ព្រះសង្ឃអង្គនេះព្រះនាម ឡុង វ៉ានថន ព្រះជន្ម ២៩ វស្សា មានស្រុកកំណើតនៅភូមិ ខ្ពបលើ ស្រុក ស្អាង ខេត្ត កណ្តាល បួសនៅវត្តទួលសំបូរ ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ ដែលសព្វថ្ងៃគង់នៅកុដិលេខ ១១ វត្តមហាមន្ត្រី រាជធានីភ្នំពេញ ។ ដោយនៅថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១៧ ព្រះសង្ឃអង្គនេះបានមកស្នាក់នៅផ្ទះស្ត្រីម្នាក់ឈ្មោះ ផាន់ យ៉ាន នៅភូមិអន្លុងមាស ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ លុះដល់ថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៧ បានឆាន់ស្រាបៀរ និងបានរាំច្រៀងនៅមុខទូរទស្សន៍ក្នុងស្ថានភាពស្រវឹងខ្លាំង ។
ក្រោយពីទទួលព័ត៌មានកម្លាំងជំនាញអធិការដ្ឋាននគបាលស្រុកព្រៃកប្បាស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃល្វា បាននិមន្តព្រះសង្ឃអង្គនេះមកកាន់អធិការដ្ឋាន និងសហការជាមួយការិយាល័យធម្មការស្រុកដើម្បីនាំព្រះសង្ឃអង្គនេះទៅកាន់វត្តចំប៉ា (វត្តអនុគណស្រុក) ដើម្បីផ្សឹករួចនាំមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរ និងបានអប់រំណែនាំ រួចដោះលែងឲ្យមានសេរីភាពវិញ៕ ភ្នំដា