ខេត្តកណ្តាលៈ បុរសម្នាក់ជាកម្មករបូមខ្សាច់បានធ្លាក់ពីលើអូប័រ បាត់ខ្លួនអស់រយៈពេល២ថ្ងៃ ទើបប្រទះឃើញសាកសពអណ្តែតតាមខ្សែកទឹកទន្លេមេគង្គបង្កឲ្យមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀត កាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភី សុផាត ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសាឡង់បូមខ្សាច់ មានទីលំនៅភូមិសន្លុង ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង ។ ជនរងគ្រោះរូបនេះបានធ្លាក់ពីលើអូប័រចូលទៅក្នុងទឹកទន្លេមេគង្គបាត់ខ្លួន កាលពីវេលាម៉ោង២២ និង១០នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ ខណៈដែលជនរងគ្រោះរូបនេះកំពុងជិះអូប័រជាមួយក្រុមការងារ ។
ប្រភពដដែលបានបន្តថា ក្រោយពីជនរងគ្រោះរូបនេះធ្លាក់ចូលទៅក្នុងទន្លេ ក្រុមការងារបាននាំគ្នាជិះអូប័រតាមរកជនរងគ្រោះដែរ តែតាមរកមិនឃើញរហូតមកដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ទើបឈ្មោះ ប៉ាក់ ចាន់ថន ជាមេការសាឡង់បូមខ្សាច់ប្រទះឃើញសាកសពជនរងគ្រោះ ក៏រាយការប្រាប់សមត្ថកិច្ចនគរបាលតែម្តង ។
ក្រោយពីពិនិត្យសាកសពមិនមានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសអ្វី សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ